(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធររុស្ស៊ីបានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់៤១នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ភ្លើងឆេះយន្ដហោះមួយ គ្រឿង អំឡុងពេលធ្វើការចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋាន Sheremetyevo ក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)៕

២៖ ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការបញ្ចុះបញ្ចូល ទីភ្នាក់ងារអវកាសអាមេរិក NASA ឲ្យបង្កើតបេសកកម្មថែមទៀត ទាក់ទិននឹងផ្នែកការពារភពផែនដីពីវត្ថុអវកាស៕

៣៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដំឡើងពន្ធគិតជាទឹកប្រាក់ស្មើនឹង «២០០ពាន់លានដុល្លារ» លើផលិតផលរបស់ចិន ដោយសារតែដំណើរការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិនមានភាពយឺតយ៉ាវពេក៕

៤៖ ទីក្រុងប៉េកាំងជាថ្មីម្តងទៀត បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការបន្តចល័តនាវាចម្បាំងនានាចូលមក ក្នុងតំបន់សមុទ្រចិនខាងត្បូង បើទោះបីជាមានការរិះគន់ជាដដែលៗយ៉ាងក្តី៕

៥៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានឱ្យដឹងថាសហរដ្ឋអាមេរិកកំពុងបញ្ជូនកងកម្លាំង នាវាផ្ទុកយន្ដហោះចម្បាំង និងកងអង្គភាពយន្ដហោះទម្លាក់គ្រាប់បែកទៅកាន់តំបន់មជ្ឈិមបូព៌ាជាសារមួយផ្ញើជូនអ៊ីរ៉ង់ ថារាល់ ការវាយប្រហារលើផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាមេរិកនឹងត្រូវជួបផល វិបាកនឹកស្មានមិនដល់៕

៦៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានបញ្ជាក់ជាថ្មីឡើងវិញពីសាមគ្គីភាពរបស់ ទីក្រុងម៉ូស្គូ ជាមួយប្រជាជនវេណេស៊ុយអេឡា និងការបន្តគាំទ្រលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលកំពុង ប្រឈមមុខនឹងវិបត្តិនយោបាយ ស្ទើរតែគ្មានផ្លូវដោះស្រាយចេញនោះ៕