(ប៉េកាំង)៖ ការតាំងពិព័រណ៌មួយស្តីពីរូបគំនូរ និងចម្លាក់អក្សរជាច្រើន ដែលជាស្នាព្រះហស្ថរបស់អតីតអធិរាជចិន ឈានឡុង (Qianlong - ប្រសូតនៅឆ្នាំ១៧១១ និងចូលទិវង្គតឆ្នាំ១៧៩៩) នៃសម័យរាជវង្សឆេង (Qing dynasty) ត្រូវបានរៀបចំឡើងនៅក្នុងសារមន្ទីជាតិ Palace Museum សម្រាប់សាធារណជនចូលទស្សនា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩។

ព្រឹត្តិការណ៍តាំងពិព័រណ៍នេះ នឹងមានរយៈពេលរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ហើយមាន០៤ផ្នែក ដោយផ្នែកទីមួយគឺជា ស្នាព្រះហត្ថផ្នែកវិចិត្រកម្មរបស់អធិរាជ Qianlong និងផ្នែក០២ទៀតពាក់ព័ន្ធទៅនឹងគំនូរព្រមទាំងចម្លាក់អក្សររបស់ក្រុមមន្រ្តីរបស់ទ្រង់ខណៈផ្នែកចុងក្រោយគេ និងទាក់ទិនទៅនឹងចំណងទាក់ទងដ៏សុខសាន្តរវាងអធិរាជ Qianlong និងក្រុមមន្រ្តី។

គួរជម្រាបថា អធិរាជចិន Qianlong គឺជាអធិរាជនៃរាជវង្ស Qing ហើយទ្រង់បានឡើងគ្រងរាជ្យចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ១៧៣៥ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៧៩៦៕