(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាបានដាក់ពង្រាយក្រុមសង្រ្គោះបន្ទាន់ ក៏ដូចជាបង្គាប់ឱ្យកងនាវារបស់ខ្លួនត្រៀមខ្លួនជានិច្ច ដើម្បីត្រៀមទប់ទល់ជាមួយ​ខ្យល់ព្យុះស៊ីក្លូនត្រូពិចដ៏កំណាចមួយ ដែលកំពុងបក់បោកមកកាន់​តំបន់ឆ្នេរភាគខាងកើតនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩។

ព្យុះស៊ីក្លូនត្រូពិច ហ្វានី​(Fani) ត្រូវបានគេកំណត់ទីតាំងនៅឯតំបន់ឆ្នេរ ប៊ិងហ្គាល់ (Bengal) និងកំពុងធ្វើដំណើរជាមួយល្បឿនខ្យល់ ២០៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាត្រូវបានគេរំពឹងថា នឹងវាយប្រហារលើតំបន់ដីគោកនៃរដ្ឋ អូឌីសា (Odisha) នៅថ្ងៃសុក្រនេះ។ រីឯរដ្ឋនៅក្បែរខាងគឺ អាន់ដ្រាប្រាដែស (Andhra Pradesh) និង តាមិលណាឌូ (Tamil Nadu) ក៏ត្រូវបានដាក់ឱ្យក្នុងការប្រុងប្រយ័ត្នខ្ពស់ផងដែរ ខណៈអាជ្ញាធរកំពុងត្រៀមខ្លួនជម្លៀសប្រជាជនរាប់ពាន់នាក់ និងត្រៀមតង់ស្នាក់នៅបណ្ដោះអាសន្នជាងច្រើន ៨៥០។

គួរបញ្ជាក់ថា ខ្យល់ព្យុះតែងតែវាយប្រហារជារឿយៗ លើតំបន់ឆ្នេរភាគខាងកើត និងភាគអាគ្នេយ៍ប្រទេសឥណ្ឌា នៅចន្លោះខែមេសា ដល់ខែធ្នូ។ ជាក់ស្ដែងកាលពីឆ្នាំ២០១៧ ព្យុះស៊ីក្លូនអូកឃី (Ockhi) បានផ្ដាច់ជីវិតមនុស្ស ២៥០នាក់នៅក្នុងរដ្ឋ Tamil Nadu និងរដ្ឋឃែរ៉ាឡា (Kerala) ហើយរដ្ឋ Odisha ក៏ធ្លាប់រងគ្រោះធ្ងន់ដោយសារខ្យល់ព្យុះ ដែលបានសម្លាប់មនុស្ស ៨,០០០នាក់ ដែរកាលពីឆ្នាំ១៩៩៩៕