(អូតូវ៉ា)៖ រដ្ឋមន្រ្តីកសិកម្មកាណាដាលោកស្រី ម៉ារី ក្លូដេ ប៊ីបៀយ៉ូ (Marie-Claude Bibeau) បានឲ្យដឹងថា ក្រុមហ៊ុនផលិតសាច់ជ្រូកចំនួនពីរនៅក្នុងខេត្តកេបិច (Quebe) បានទទួលរងគ្រោះ ព្រោះប្រទេសចិនលែងឲ្យផលិតរបស់ក្រុមទាំងពីរនេះ នាំចូលទៅកាន់ ប្រទេសខ្លួនទៀតហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០១៩។

នៅក្នុងបទសម្ភាសន៍មួយជាមួយ Reuters លោកស្រី Bibeau បានបញ្ជាក់ថា កន្លងមកលោកស្រីមិនទាន់ទទួលបាន ការជូនដំណឹងផ្លូវការពីប្រទេសចិននៅឡើយទេ ទាក់ទិននឹងការផ្អាកសិទ្ធិនាំចូលនេះ ហើយលោកស្រីក៏មិនបង្ហើបប្រាប់ពី ឈ្មោះក្រុមហ៊ុនដែលពាក់ព័ន្ធទាំងនោះដែរ។ ម៉្យាងវិញទៀត លោកស្រីរដ្ឋមន្រ្តីកសិកម្មកាណាដា មិនបានដឹងនោះទេថា ការផ្អាកសិទ្ធិនាំចូលសាច់ជ្រូកនេះ បានចាប់ផ្តើមកាលពីពេលណា ដោយព័ត៌មានទើបតែលេចឡើងថ្មីៗនេះប៉ុណ្ណោះ។

គួរជម្រាបថា ដំណឹងនៃការផ្អាកការនាំចូលផលិតផលនេះ បានលេចឡើង ចំពេលដែលកន្លងមកនេះប្រទេសចិន បានបញ្ឈប់ការនាំចូលផលិតផល កសិកម្មមួយចំនួនផ្សេងទៀតពីកាណាដា នៅចំពោះមុខវិបត្តិការទូតរវាងប្រទេសទាំងពីរ ដែលនឹងធ្វើឲ្យប្រទេសអាមេរិកខាងជើងមួយនេះ ខាតបង់រាប់ពាន់លានដុល្លារ៕