(វ៉ាស៊ីនតោន)៖ កាលពីឆ្នាំ២០១៧ អាចម៍ផ្កាយចម្លែកមួយហៅថា Oumuamua (ភាសាអ្នកកោះហាវ៉ៃ) បានបង្កភាពផ្អើលជាខ្លាំង នៅក្នុងសហគមន៍តារាវិទូលើភពផែនដី។ វាបានក្លាយជាវត្ថុអវកាសដំបូងបង្អស់ ដែលមានប្រភពមកពីកន្លែងដ៏សែនឆ្ងាយ ហើយក៏ ត្រូវបានប្រទះឃើញឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យរបស់យើង។ តែថ្មីៗនេះ យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ តាមពិតទៅវាទំនងមិនមែនជាវត្ថុដំបូងគេឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។

លទ្ធផលនៃការស្រាវជ្រាវថ្មីមួយមកពីសាកលវិទ្យាល័យ Harvard របស់សហរដ្ឋអាមេរិក បានបង្ហាញថា Oumuamua ហាក់មិនមែនជាវត្ថុដំបូងគេ មានប្រភពមកពីកន្លែងផ្សេង ដែលបានចូលមកឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យយើងនោះឡើយ ព្រោះថាតាមរយៈការពិនិត្យ យ៉ាងល្អិតល្អន់បំផុត ទៅលើបញ្ជីមួយរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលមានផ្ទុកឈ្មោះអាចម៍ផ្កាយ ដើម្បីរកមើលពពួកអាចម៍ផ្កាយ​ដែលមានលក្ខណៈស្រដៀងនឹង Oumuamua អាចម៍ផ្កាយតូចមួយ​ត្រូវបានគេប្រទះឃើញ ដែលវាបានឆាបឆេះនៅលើ បរិយាកាសផែនដីកាលពី ០៥ឆ្នាំមុន។

គួរជម្រាបថា កាលពីឆ្នាំ២០១៤ បំណែកថ្មអវកាសនោះ ដែលមានមុខកាត់ត្រឹម ៩០សង់ទីម៉ែត្រប៉ុណ្ណោះនោះ បានឆេះរលាយខ្ទេចនៅពីលើប្រទេសប៉ាពូញូហ្គីណេ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺល្បឿនដ៏លឿនរបស់វាប្រមាណ ៦០គីឡូម៉ែត្រក្នុងមួយវិនាទី ដែលជាតំរុយថា វត្ថុនោះមិនស្ថិតក្នុងទំនាញរបស់ព្រះអាទិត្យ ដូចទៅនឹងបំណែកថ្មអវកាសឯទៀតៗ នៅក្នុងប្រព័ន្ធព្រះអាទិត្យនោះឡើយ ពោលគឺវាអាចមានប្រភពមកពីខាងក្រៅ៕