(ការ៉ាកាស់)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានអំពាវនាវឱ្យកងទ័ពវេណេស៊ុយអេឡាគាំទ្រ លោក Juan Guaido ដើម្បីទម្លាក់លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាច បន្ទាប់ពីមេបក្សប្រឆាំងរូបនេះបានប្រកាសពី ការធ្វើរដ្ឋប្រហារយោធាមួយក្នុងទីក្រុងការ៉ាកាស់នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។

ថ្លែងនៅលើ Twitter លោក Bolton បានគូសបញ្ជាក់ដូច្នេះថា៖ « កងទ័ពវេណេស៊ុយអេឡាត្រូវតែការពាររដ្ឋធម្មនុញ្ញនៃ ប្រទេស និងប្រជាជនវេណេស៊ុយអេឡា ដោយឈរនៅខាងលោក Juan Guaido ប្រឆាំងនឹងជនបំផ្លាញ ប្រជាធិបតេយ្យ...ហើយសហរដ្ឋអាមេរិកនឹងឈរនៅក្បែរប្រជាជនវេណេស៊ុយអេឡាជានិច្ច»។

គួរជម្រាបថា នៅថ្ងៃអង្គារនេះ លោក Juan Guaido ដែលមានសហរដ្ឋអាមេរិកជាខ្នងបង្អែកបានប្រកាសថាលោកបាន ចាប់ផ្ដើមអនុវត្តដំណាក់កាលចុងក្រោយនៃផែនការទម្លាក់លោក ម៉ាឌូរ៉ូ ចេញពីតំណែងនៅក្នុងវីដេអូថតជាមួយយោធា មួយក្រុម។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការពារជាតិវេណេស៊ុយអេឡា បានចេញមុខអះអាងថាកងទ័ពវេណេស៊ុយអេឡា ទាំងអស់គឺស្ថិតនៅជាមួយ លោក ម៉ាឌូរ៉ូ ដែលជាប្រធានាធិបតីស្របច្បាប់ជានិច្ច និងបានហៅមេបក្សប្រឆាំងលោក Juan Guaido ថាជាជនក្បត់ផងដែរ៕