(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហំាម៉ាត់ បាននិយាយថា លោកនឹងមិនបណ្ដោយឱ្យម៉ាឡេស៊ីជួបបរាជ័យ ឬដួលរលំនោះឡើយ ដរាបណាលោកនៅមានជីវិត។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។

លោក មហាធៀ ធ្វើការកត់សម្គាល់នេះនៅឯសន្និសីទមួយ​ស្ដីពីការគ្រប់គ្រងអង្គការ នៅថ្ងៃចន្ទសប្ដាហនេះ ហើយឱកាសនោះលោកក៏បានទទួលស្គាល់ដែរថា ម៉ាឡេស៊ីនឹងបញ្ហាមួយចំនួន ដែលពេលខ្លះវាពិបាកក្នុងការដោះស្រាយ។ នាយករដ្ឋមន្ត្រីវ័យ ៩៣ឆ្នាំរូបនេះបានលើកឡើងដូច្នេះថា «ឱ្យតែខ្ញុំនៅមានជីវិត ខ្ញុំនឹងមិនអនុញ្ញាតឱ្យប្រជាជាតិរបស់យើង ជួបភាពបរាជ័យ ដួលរលំ ឬក៏បាត់បង់កិត្យានុភាពជាដាច់ខាត... យើងបានជម្នះគ្រប់បញ្ហាពីអតីតកាល ហើយយើងសង្ឃឹមថា អាចនឹងបន្តជម្នះគ្រប់ឧបសគ្គនៅពេលអនាគត»

គួរបញ្ជាក់ថា បើតាមលោក មហាធៀ អ្វីដែលសំខាន់ក្នុងការដឹកនាំប្រជាជាតិមួយ នោះគឺត្រូវស្វែងរកចំណុចរួម និងគោលបំណងដែលអាចបង្រួបបង្រួម ព្រមទាំងធ្វើឱ្យប្រជាជនមានឯកភាពជាតិ៕