(វ៉ាស៊ីនតោន)៖ គ្រួសារមួយចំនួននៃជនរងគ្រោះ ដោយសារការធ្លាក់យន្តហោះប្រភេទ Boeing 737 MAX 8 បានសម្រេចដាក់ពាក្យប្តឹងក្រុមហ៊ុនផលិតយន្តហោះ Boeing ទៅកាន់តុលាការនៅទីក្រុងឈីកាហ្គោ (Chicago) របស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។

ដើមបណ្តឹងម្នាក់ក្នុងចំណោមនោះឈ្មោះ ម៉ាណេនត៍ វេដយ៉ា (Manant Vaidya) បានបាត់បង់សាច់ញាតិរបស់ខ្លួនសរុបចំនួន ០៦នាក់ គឺរួមមានឪពុក ម្តាយ ប្អូនស្រី ប្អូនថ្លៃ ព្រមក្មួយៗអាយុត្រឹមតែ ១៣ឆ្នាំ និង ១៤ឆ្នាំ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿង របស់អាកាសចរណ៍អេត្យូពីកាលពីខែមីនាកន្លងទៅ។ ចំណែកដើមបណ្តឹងម្នាក់ទៀតឈ្មោះ ផូល ណាហ្សូរ៉ក (Paul Njoroge) បានបាត់បង់មនុស្សជាទីស្រឡាញ់ចំនួន ០៥នាក់ ដែលរួមមាន ម្តាយ ភរិយា និងកូនៗសរុប ០៣នាក់។

គួរជម្រាបថា ករណីធ្លាក់យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី Lion Air កាលពីខែតុលា ឆ្នាំ២០១៨ និងរបស់អាកាសចរណ៍អេត្យូពី Ethiopian Airlines កាលពីខែមីនា បានធ្វើឲ្យកក្រើកជាខ្លាំងរហូតឈានដល់ការបញ្ឈរជើងយន្តហោះ ស៊េរីនេះជាបណ្តោះអាសន្ននៅជុំវិញពិភពលោក។ ក្រុមហ៊ុន Boeing បានក្លាយជាមុខព្រួញធំជាងគេនៃការរិះគន់ និងប្តឹង ព្រោះតែការធ្វេសប្រហែស មិនបានត្រួតពិនិត្យ និងចេញបម្រាមទាន់ពេលចំពោះយន្តហោះស៊េរីថ្មី Boeing 737 MAX 8 ដែលខ្លួនសង្ស័យថា មានបញ្ហាផ្នែកប្រព័ន្ធបញ្ជាចល័តទិសស្វ័យប្រវត្តិនោះ៕