(តូក្យូ)៖ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ (Akihito) នឹងត្រូវដាក់រាជ្យនៅថ្ងៃអង្គារនេះ ដើម្បីឱ្យបុត្រាច្បងរបស់ទ្រង់ឡើងគ្រងរាជ្យសម្បត្តិ ដែលមាននាមថារាជវង្ស ជ្រីសានសេម៉ុម (Chrysanthemum Throne) ដើម្បីបន្ត ក៏ដូចជាបើកសករាជថ្មី នៃសែអធិរាជរបស់ជប៉ុន ហើយដែលនេះនឹងក្លាយជាការដាក់រាជ្យលើកដំបូងបំផុត ក្នុងរយៈពេលជាង ២០០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។

ព្រះរាជពិធីដាក់រាជ្យរបស់ព្រះចៅអធិរាជ Akihito នឹងត្រូវរៀបចំឡើងក្នុងសាល ម៉ាត់ស៊ូ ណូ ម៉ា (Matsu no ma) ឬមហាវិមានស្រល់ (Hall of Pine) នៃព្រះរាជវាំងជប៉ុន នាវេលាម៉ោង ៥៖០០នាទី ដល់ម៉ោង ០៥៖១០នាទីល្ងាច (ម៉ោងនៅជប៉ុន) ក្រោមវត្តមានអ្នកចូលរួម ៣០០នាក់ ហើយពិធីនេះក៏នឹងត្រូវផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ជាតិជប៉ុនផងដែរ។

ព្រះចៅអធិរាជ Akihito នឹងដាក់រាជ្យដើម្បីទុកឱកាសឱ្យបុត្រាច្បងរបស់ទ្រង់ ព្រះនាម ណារុហ៊ីតុ (Naruhito) ឡើងគ្រងរាជ្យសម្បត្តិបន្តរាជវង្ស Chrysanthemum និងបើកសករាជអធិរាជថ្មីមួយដែលមាននាមថា រៃវ៉ា (Reiwa) ជំនួសសករាជចាស់ ហៃសី (Heisei)។ ព្រះរាជពិធីនេះនឹងមិនមានលក្ខណៈធំដុំប៉ុន្មានឡើយ ដោយត្រឹមមានការចូលរួមពីបណ្តា សែរាជវង្សជប៉ុនដែលជាបុរសៗ ព្រមទាំងតំណាង មកពីស្ថាប័នទាំង ០៣របស់រដ្ឋាភិបាលជប៉ុន ខណៈព្រះចៅ Akihito ដែលពេលនោះនឹងក្លាយជាអតីតអធិរាជ ក៏ដូចជាមហេសីរបស់ទ្រង់គឺម្ចាស់ក្សត្រី មីឈីកុ (Michiko) នឹងពុំមានព្រះរាជវត្តមាននោះឡើយ ទៅតាមទំនៀមទម្លាប់។

ដោយឡែកក្នុងអំឡុងព្រះរាជពិធីនេះដែរ រតនសម្បត្តិទាំង ៣ របស់អធិរាជជប៉ុន គឺកញ្ចក់ពិសិដ្ឋ យ៉ាតា ណូ កាហ្គាមិ (Yata no Kagami), ដាវពិសិដ្ឋ គូសាណាជិ ណូ ត្យូរូជិ (Kusanagi no Tsurugi) និងបន្តោងគុជ យ៉ាសាកានិ ណូ ម៉ាហ្គាតាម៉ា (Yasakani no Magatama) ដែលបានតម្កល់ទុកនៅកន្លែងខុសៗគ្នា ក្នុងប្រទេសជប៉ុន នឹងត្រូវយកចូលទៅក្នុងសាល Matsu no ma។ វត្ថុទាំង ៣ គឺជានិមិត្តរូបនៃរាជបល្ល័ង្កជប៉ុន។

បន្ទាប់មកនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេនឹងប្រកាសពីការដាក់រាជសម្បត្តិ ក្រោយព្រះចៅ Akihito មានបន្ទូលជាលើក ចុងក្រោយទៅកាន់ប្រជាជាតិ ក្នុងនាមជាអធិរាជនៃប្រទេសជប៉ុន ហើយរហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ទើបព្រះរាជពិធីដ៏ធំមួយនឹងត្រូវប្រារព្ធឡើង សម្រាប់ការឡើងគ្រងរាជសម្បត្តិជាផ្លូវការ របស់ព្រះចៅអធិរាជ Naruhito នៅចំពោះមុខឥស្សរជនមកពីបណ្តាប្រទេសជិត ២០០ជុំវិញពិភពលោក។

គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលជប៉ុនការចំណាយសម្រាប់ពិធីឡើងគ្រងរាជសម្បត្តិ របស់ព្រះចៅអធិរាជថ្មីអាចមានទំហំខ្ទង់ ២.៧ពាន់លានយេន ឬ ២៤លានដុល្លារ។ រីឯប្រជាជប៉ុននឹងត្រូវបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេល ១០ថ្ងៃផងដែរ៕