(ប៉េកាំង)៖ ប្រទេសចិន និងរុស្ស៊ីបានចាប់ផ្តើមបើកការធ្វើសមយុទ្ធយោធារួមមួយ នៅឯទីក្រុងគីងតាវ (Qingdao) នៃខេត្តសានទុង (Shandong) ភាគខាងកើតប្រទេសចិន ក្រោយមកដល់នៃកងនាវារបស់ប្រទេសរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។

សមយុទ្ធខាងលើដែលមានឈ្មោះថា Joint Sea 2019 នឹងផ្តោតសំខាន់ទៅលើ ការធ្វើប្រតិបត្តិការរួមដើម្បីការពារដែនសមុទ្រ។ ក្នុងឱកាសនេះ កងទ័ពជើងទឹកនៃប្រទេសទាំងពីរ បានចល័តនាវាមុជទឹកសរុបចំនួន ០២គ្រឿង នាវាចម្បាំង ១៣គ្រឿង ព្រមទាំងយន្តហោះចម្បាំង និងកងទ័ពមួយចំនួនទៀត។ លំហាត់យោធានេះនឹងបន្តប្រព្រឹត្តទៅរហូតដល់ថ្ងៃទី០៤ ខែឧសភាខាងមុខ។

មេបញ្ជារងនៃទ័ពជើងទឹកចិនលោក គ្វី យេនផេង (Qiu Yanpeng) បាននិយាយថា តាមរយៈការធ្វើសមយុទ្ធនេះ ភាគីទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ហើយមានប្រសិទ្ធភាពជាងមុនក្នុងការដោះស្រាយ ក៏ដូចជាទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខគ្រប់ប្រភេទ។

គួរជម្រាបថាផងដែរថា នេះគឺជាលើកទីពីរហើយកងនាវានៃប្រទេសទាំងពីរ បានជួបគ្នានៅទីក្រុងកំពង់ផែ Qingdao គិតចាប់តាំង តែពីពេលចាប់ផ្តើមការធ្វើសមយុទ្ធប្រចាំឆ្នាំនេះ កាលពីឆ្នាំ២០១២មក៕