(ដាម៉ាស់)៖ មេដឹកនាំកំពូលរបស់ក្រុមភេរវករ ISIS ឈ្មោះ អាប៊ូ បាកឺ អាល់បាដាឌី (Abu Bakr al-Baghdadi) បានបង្ហាញ ខ្លួន ជា ថ្មី ម្តង ទៀត ក្រោយ០៥ឆ្នាំបាន កន្លងផុតទៅ នៅក្នុងឃ្លីបវីដេអូមួយ ដែលត្រូវបានគេបញ្ចេញនាថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាមការ ដក ស្រង់ការ ផ្សាយ ចេញ ពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។

ក្នុងឱកាសនៃការបង្ហាញខ្លួនជាថ្មីនេះ មេ ISIS បានទទួលស្គាល់ពីការទទួលបរាជ័យនៃ ក្រុមភេរវកររបស់ខ្លួន នៅឯទីក្រុង Baghouz ប្រទេសស៊ីរី ប៉ុន្តែតែស្របពេលជាមួយគ្នា បានព្រមានថានឹងបន្តបើកការវាយប្រហារសងសឹក។ ក្រៅពីនេះ ក៏មានការនិយាយ ពាក់ ព័ន្ធការទទួលបរាជ័យមួយចំនួនទៀតរបស់ ISIS ផងដែរ រួមមានទាំងនៅទីក្រុងម៉ូស៊ូល (Mosul) របស់អ៊ីរ៉ាក់ និងក្រុង Sirte នៅលីប៊ី ប៉ុន្តែបុគ្គល អាល់បាដាឌី បានសន្យាថា ISIS នឹងមិនចុះចាញ់ដាច់ខាត ហើយនឹងបន្តធ្វើការសងសឹកសម្រាប់សមាជិករបស់ខ្លួន ដែលបានបាត់បង់ជីវិត។

ម៉្យាងវិញទៀត មេ ISIS រូបនេះ ក៏បានហៅករណីវាយប្រហារនៅស្រីលង្កាកាលពីថ្ងៃទី២១ ខែមេសានេះ ដែលបានផ្តាច់ជីវិតមនុស្ស ប្រមាណ២៥៣នាក់ និងបង្កឲ្យរបួសខ្ទង់៥០០នាក់ ជាសកម្មភាពសងសឹកមួយសម្រាប់ភាពបរាជ័យរបស់ ISIS ថែមទៀតផង។

គួរជម្រាបថា បុគ្គល អាល់បាដាឌី ត្រូវបានគេឃើញជាលើកចុងក្រោយបំផុត នៅឯទីក្រុង Mosul កាលពីឆ្នាំ២០១៤ ក្នុងឱកាសនៃ ការប្រកាសបង្កើតរដ្ឋ ISIS ដែលកាលនោះលាតសន្ធឹងនៅលើតំបន់ភាគច្រើននៃប្រទេសអ៊ីរ៉ាក់និងស៊ីរី។ អាមេរិកបាន អះអាងថា កំពុងតែវាយតម្លៃទៅលើឃ្លីបវីដេអូនេះថាតើបុគ្គលនៅក្នុងនោះ ជា មេ ISIS អាប៊ូ បាកឺ អាល់បាដាឌី ប្រាកដមែនដែរឬយ៉ាងណា ព្រោះកន្លងមកក៏ធ្លាប់មានការអះអាងជាច្រើនលើកផងដែរថា បុគ្គលរូបនេះបានបាត់បង់ជីវិត ហើយទីក្រុងវ៉ាស៊ីនតោនបាន ប្តេជ្ញាថា នឹងបន្តប្រយុទ្ធប្រឆាំងជាមួយក្រុមភេរវករនេះរហូតដល់ទីបញ្ចប់។ កន្លងមក អាមេរិកបានប្រកាសផ្តល់រង្វាន់ចំនួន២៥លាន ដុល្លារ សម្រាប់ក្បាលរបស់មេកំពូល ISIS រូបនេះ៕