(ទ្រីប៉ូលី)៖ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលខាងលិចលីប៊ី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) លោក ហ្វាយ៉េស ស៊ែររ៉ាច (Fayez Serraj) នឹងមិនទទួលយកការអំពាវនាវ​ឲ្យមានបទឈប់បាញ់គ្នាណាមួយ ជាមួយកងទ័ពលីប៊ីភាគខាងកើតនោះឡើយ ខណៈភាគីទាំងពីរកំពុងតែបន្តប្រយុទ្ធគ្នា ដើម្បីការគ្រប់គ្រងនៅរដ្ឋធានីទ្រីប៉ូលី។ នេះបើតាមអ្នកនាំពាក្យ​រដ្ឋាភិបាលលីប៊ី ដកស្រង់សម្តីដោយ​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។

អ្នកនាំពាក្យរដ្ឋាភិបាលទ្រីប៉ូលីលោក ម៉ូហានណេដ យួនីស (Mohannad Younis) បានឲ្យដឹងដូច្នេះថា «លោកនាយករដ្ឋមន្រ្តី Serraj កំពុងតែតាមដាននិងបញ្ជាការប្រយុទ្ធគ្នា ជាមួយកងទ័ពរបស់លោក Haftar ដែលជាអគ្គមេបញ្ជាការយោធាលីប៊ី​ភាគខាងកើត ហើយវានឹងមិនមានការចរចា ឬក៏កិច្ចសន្ទនាអ្វីទាំងអស់ រហូតទាល់តែក្រុមអ្នកឈ្លានពានទាំងនោះ ត្រូវវាយបណ្តេញទៅវិញ។ លោក Serraj មិនទទួលយកដាច់ខាតនូវសំណើ ឬក៏ការចង់ឲ្យមានបទឈប់បាញ់»

គួរជម្រាបថា ចាប់តាំងពីដើមខែមេសានេះមក លោក Khalifa Haftar នៅភាគខាងកើត បានដឹកនាំយុទ្ធនាការយោធាទ្រង់ទ្រាយធំមួយ ដើម្បីវាយបណ្តើមយក​តំបន់ភាគខាងលិចលីប៊ី ជាពិសេសនោះគឺរដ្ឋធានីលីប៊ីតែម្តង ដែលជាមូលដ្ឋានរបស់រដ្ឋាភិបាលលោក Serraj។

បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ការប្រយុទ្ធគ្នារវាងភាគីទាំងពីរ បានសម្លាប់ជីវិតមនុស្សប្រមាណ ២៧២នាក់, បង្កឲ្យរបួស ១,១៨២នាក់ និងធ្វើឲ្យជនស៊ីវិលជាង ៣០,០០០ផ្លាស់ទីជ្រកកោន។ ចាប់តាំងពីរបបអតីតមេដឹកនាំលីប៊ី លោក មួអាមម៉ា ហ្គាដាហ្វី (Muammar Gaddafi) ដួលរលំកាលពីឆ្នាំ២០១១មក ប្រទេសអាហ្រ្វិកខាងជើងនេះ នៅតែមិនអាចធ្វើអន្តរកាលឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ពេញលេញបាននៅឡើយ ចំពោះមុខអស្ថិរភាព និងភាពវឹកវរ៕