(ញូយ៉ក)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់នោះទេ ប៉ុន្តែលោកអាចនឹងត្រូវបានគេល្បួងឱ្យធ្វើដូច្នេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។

លោក Zarif ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ Reuters នៅថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោករដ្ឋមន្ត្រីការបរទេសរូបនេះ បានលើកឡើងដូច្នេះថា៖ «ខ្ញុំមិនជឿទេថាលោក ដូណាល់ ត្រាំ ចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ប៉ុន្តែគាត់អាចនឹងត្រូវបានគេល្បួងឱ្យធ្វើដូច្នេះ ហើយបើសិនជាជម្លោះកើតឡើងមែន អ៊ីរ៉ង់នឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារខ្លួនឯង»

គួរបញ្ជាក់ថា បើតាមលោក Zarif អ្នកដែលអាចនឹងលួងលោម ឬបញ្ចុះបញ្ចូលឱ្យលោក ដូណាល់ ត្រាំ ធ្វើសង្រ្គាមជាមួយ អ៊ីរ៉ង់ នោះគឺទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ៕