(ទ្រីប៉ូលី)៖ សរុបមនុស្សចំនួន ២៥៤នាក់ហើយបានបាត់បង់ជីវិត និង ១,២២៨នាក់ទៀតបានរងរបួស ក្នុងការប្រយុទ្ធគ្នាយ៉ាងក្តៅគគុករវាង រដ្ឋាភិបាលភាគខាងលិចលីប៊ី និងក្រុមយោធាភាគខាងកើត នៅជុំវិញតំបន់ ក៏ដូចជាក្នុងរដ្ឋធានីទ្រីប៉ូលីតែម្តង។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។

យោងតាមរបាយការណ៍ពីអង្គការសុខភាពពិភពលោក WHO ក្នុងអំឡុងប្រមាណជាមួយសប្តាហ៍កន្លងទៅនេះ ក្រុមគ្រូពេទ្យឯកទេស ខាងសង្រ្គោះបន្ទាន់របស់ខ្លួននៅប្រទេសលីប៊ី ដែលប្រចាំការនៅតាមមន្ទីរពេទ្យជួរមុខ បានជួយសង្រ្គោះមនុស្ស ព្រមទាំងធ្វើការវះកាត់ដល់អ្នករងគ្រោះជាច្រើន ដោយសារតែការប៉ះទង្គិចគ្នារវាងភាគីលីប៊ីទាំងពីរ។ បន្ថែមពីនេះ WHO បានបញ្ជាក់ទៀតថា ប្រជាជនលីប៊ីជាង ២០,០០០នាក់ ត្រូវបានបង្ខំឲ្យជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ គិតចាប់ពីពីជម្លោះប្រដាប់អាវុធនេះបានផ្ទុះឡើង ។

គួរជម្រាបថា ចាប់តាំងតែពីដើមខែមេសានេះ ក្រុមយោធានៅភាគខាងកើត ដែលដឹកនាំដោយលោកមេទ័ព ខាលីហ្វា ហាហ្វតា (Khalifa Haftar) បាននិង កំពុងតែបន្តធ្វើប្រតិបត្តិការយោធា ដើម្បីវាយយកទីក្រុងទ្រីប៉ូលីពីរដ្ឋាភិបាលលីប៊ី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ នៅ ចំពោះមុខការអំពាវនាវយ៉ាងទទូចពីអន្តរជាតិ ឲ្យបញ្ឈប់ជម្លោះនេះជាបន្ទាន់។ ប្រទេសលីប៊ីបានធ្លាក់ក្នុងភាពអសន្តិសុខ និងវឹកវរ ហើយមិនអាចបង្កើតរដ្ឋាភិបាលរួបរួមថ្មីមួយបាន ចាប់តាំងពីការធ្លាក់ពីអំណាច និងបាត់បង់ជីវិតរបស់អតីតមេដឹកនាំ លោក មួអាមម៉ា ហ្គាដាហ្វី កាលពីឆ្នាំ២០១១ ដែលជាស្នាដៃនៃបណ្តាប្រទេសលោកខាងលិច៕