(ស្រីលង្កា)៖ ការវាយប្រហារបំផ្ទុះគ្រាប់បែកនៅប្រទេសស្រីលង្កា បានផ្ដាច់ជីវិតមនុស្ស១៨៥នាក់ ក្នុងនោះ៣៥នាក់ ជាជនបរទេស ខណៈមនុស្សជិត៥០០នាក់រងរបួស។ យោងតាមអាជ្ញាធរស្រីលង្កា ការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់ខាងលើបានកើតឡើងនៅម៉ោង៨៖៤៥នាទីព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩នេះ នៅចំពេលនៃពិធីបុណ្យគ្រឹស្ដសាសនា Easter Sunday ។

* តើការវាយប្រហារកើតឡើងយ៉ាងដូចម្ដេច?

ការវាយប្រហារបំផ្ទុះគ្រាប់បែកបានកើតឡើងនៅចំពេលដែលមនុស្សម្នាជាច្រើន នាំគ្នាចូលរួមពិធីបុណ្យគ្រឹស្ដសាសនា Easter Sunday នៅឯវិហារគ្រឹស្ដ St. Anthony ក្នុងទីក្រុង Colombo, វិហារគ្រឹស្ដ St. Sebastian នៃទីក្រុង Negombo និងវិហារគ្រឹស្ដ Zion Church ស្ថិតនៅ ទីក្រុង Batticaloa រួមទាំងសណ្ឋាគារចំនួន៣កន្លែងផ្សេងទៀត ដូចជា Shangri-La, Cinnamon Grand និង Kingsbury ក្នុងទីក្រុង Colombo។

ក្រោយការវាយប្រហារនេះភា្លមៗ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ហើយមានការព្រួយបារម្ភខ្លះខ្លាចក្រែងថា ក្រុមអ្នកប្រយុទ្ធ ISIS ដែលត្រឡប់មកពីតំបន់មជ្ឈិមបូព៌ាវិញ អាចទំនងជាអ្នកប្រព្រឹត្ត។ ខាងអាជ្ញាធរស្រីលង្កាផ្ទាល់ក៏មិនបានបញ្ជាក់លម្អិតពីការវាយប្រហារនេះ ឬមានមនុស្សប៉ុន្មាននាក់ ដែលដឹកនាំសកម្មភាពវាយប្រហារដ៏អាក្រក់នេះដែរ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។

វិហារគ្រឹស្ដ Sebastian នៃទីក្រុង Negombo ត្រូវបានគេរាយការណ៍ថា រងការខូចខាតធ្ងន់ធ្ងរជាងគេ។ ប៉ុន្តែក្រោយការផ្ទុះទាំង៦លើក ការផ្ទុះលើកទី៧ និងលើកទី៨ក៏បានកើតឡើងផងដែរ នៅក្បែររដ្ឋធានីនៃប្រទេសមួយនេះ។

* អាជ្ញាធរស្រីលង្កាប្រតិកម្មយ៉ាងដូចម្ដេច?

នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់នៅថ្ងៃអាទិត្យនេះ។

ថ្លែងនៅលើ Twitter លោក Wickremesinghe បានលើកឡើងដូច្នេះថា៖ «ខ្ញុំសូមថ្កោលទោសយ៉ាងពេញទំហឹង ចំពោះការវាយប្រហារដ៏អាក្រក់លើប្រជាជន របស់យើងនៅថ្ងៃនេះ...ហើយខ្ញុំសូមអំពាវនាវឱ្យប្រជាជនទាំងអស់រួបរួមសាមគ្គីគ្នាក្នុងពេលដ៏លំបាកនេះ ខណៈរដ្ឋាភិបាលកំពុងគ្រប់គ្រងស្ថានភាពឡើងវិញ និងតាមវែកមុខអ្នកនៅពីក្រោយការវាយប្រហារនេះ»។ ក្រៅតែពីលោក Wickremesinghe ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena ក៏បានថ្កោលទោសលើការវាយប្រហារនេះដែរ ជាមួយការស្នើឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់។

ចំណែកឯរដ្ឋមន្ត្រីការពារជាតិស្រីលង្កានៅថ្ងៃអាទិត្យនេះ បានចាត់ទុកថា ការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏ប្រល័យខាងលើគឺជាទង្វើភេរវកម្ម ព្រមទាំងបានចេញបញ្ជាឱ្យប្រជាជន ស្ថិតនៅក្នុងផ្ទះរយៈពេល១២ម៉ោង ចាប់ពីម៉ោង៦ល្ងាច ថ្ងៃអាទិត្យនេះ រហូតដល់ម៉ោង០៦ព្រឹក ថ្ងៃចន្ទស្អែកនេះ។

* ប្រតិកម្មពីមេដឹកនាំពិភពលោក

បណ្ដាមេដឹកនាំពិភពលោក មានដូចជានាយករដ្ឋមន្ត្រីអង់គ្លេស ប្រធានាធិបតីតួកគី អាមេរិក បារាំង អាល្លឺម៉ង់ បារ៉ែន អេមីរ៉ាត អារ៉ាប់រួម ជាដើម បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដ៏អាក្រក់នេះ ហើយក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសាច់ញាតិជនរងគ្រោះផងដែរ។

ស្រីលង្កាបានបិទបញ្ចប់សង្រ្គាមស៊ីវិលរយៈពេលជាង២៦ឆ្នាំជាមួយក្រុមឧទ្ទាមខ្លាតាមិល កាលពីខែឧសភា ឆ្នាំ២០០៩។ សង្រ្គាមស៊ីវិលនេះបានសម្លាប់មនុស្សពី ៧០,០០០ ដល់៨០,០០០នាក់។ ស្រីលង្កាមានអ្នកកាន់សាសនា ហិណ្ឌូ១២.៦ភាគរយ និងអ៊ីស្លាម៩.៧ភាគរយ ព្រមទាំងមានអ្នកកាន់សាសនាគ្រឹស្ដ១,៥លាននាក់៕