(ប៉េកាំង)៖ លោក Wang Yi ដែលជារដ្ឋមន្រ្តីការបរទេសនៃប្រទេសចិន បានប្រកាសនាថ្ងៃសុក្រនេះថា វេទិកាខ្សែក្រវាត់មួយផ្លូវមួយ (BRF) សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងត្រូវរៀបចំឡើងជាលើកទីពីរនៅឯទីក្រុងប៉េកាំង គឺចាប់ពីថ្ងៃទី២៥ដល់ទី២៧ ខែមេសានេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅយប់ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩។
ជាមួយប្រធានបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ, ការបង្កើតអនាគតរួមមួយដែលមានពន្លឺដ៏ភ្លឺស្វាង» វេទិកា BRF លើកទីពីរនេះ មានគោលដៅបំផុសឲ្យមានកិច្ចសហប្រតិបត្តិការដែលប្រកបដោយគុណភាពខ្ពស់ នៅក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ។ ព្រឹត្តិការណ៍តូចៗជាច្រើនទៀត ក៏ត្រូវបានគ្រោងរៀបចំឡើងសម្រាប់ វេទិកាឆ្នាំនេះផងដែរ ដោយក្នុងនោះរួមមានទាំងសន្និសីទ ដែលផ្តោតជាពិសេសសម្រាប់សហគមន៍ធុរកិច្ចជាលើកដំបូងផងដែរ។
លោក Wang បានឲ្យដឹងថា លោក ស៊ី ជិនពីង នឹងចូលរួមពិធីបើកវេទិកា ហើយផ្តល់ការថ្លែងសុន្ទរកថាគន្លឹះ ខណៈប្រមុខរដ្ឋក៏ដូចជាប្រមុខរដ្ឋាភិបាលសរុបចំនួន៣៧ ព្រមទាំងបណ្តាថ្នាក់ដឹកនាំដទៃទៀតមកពីអូទ្រីស អេហ្ស៊ីប អ៊ីតាលី ឡាវ និងមកចូលរួមវេទិកា BRF លើកទីពីរនេះ ហើយបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស អេស៉្បាញ ជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប នឹងបញ្ជូនតំណាងជាន់ខ្ពស់ឲ្យមកចូលរួម។
គួរជម្រាបថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» គឺជាផែនការប្រកបដោយមហិច្ឆតារបស់លោក ស៊ី ជិនពីង ស្តីពីការបង្កើតបណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏ធំធេងមួយ ក្រោមទិសដៅតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រិ្វក តាមរយៈផ្លូវគោកនិងផ្លូវទឹក។ ចិនចាត់ទុកគម្រោងនេះប្រៀបដូចជាការបង្កើតវិថីសូត្រថ្មីរបស់ខ្លួន។
បើតាមលោក Wang Yi ប្រទេសចំនួន១២៦ និងអង្គការអន្តរជាតិចំនួន២៩ហើយ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយចិន ដើម្បីរួមគ្នាកសាងគម្រោងនេះ។ លោក Wang បានបង្ហើបឲ្យដឹងទៀតថា ទំហំពាណិជ្ជកម្មសរុបរវាងចិននិងបណ្តាប្រទេសដែលចូលរួមក្នុងគម្រោងផ្តួចផ្តើមនេះ បានកើនលើសពី០៦ទ្រីលានដុល្លារ (ពាន់ពាន់លាន) ខណៈទំហំនៃការបោះទុនវិនិយោគវិញបានកើនហួសពី៨០ពាន់លានដុល្លារ៕