(វ៉ាស៊ីនតោន)៖ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ប្រជាជនអាមេរិករាប់រយនាក់ នៅតាមបណ្តារដ្ឋយ៉ាងតិចចំនួន ១២ បានប្រទះភ្នែកឃើញដុំបាល់ភ្លើងដ៏ភ្លឺចែងចាំងមួយ​មានពណ៌ខៀវ​ហោះកាត់ផ្ទៃមេឃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩។

បើតាមសេចក្តីប្រកាសនាថ្ងៃពុធរបស់ អង្គការនៃក្រុមអ្នកសិក្សាស្រាវជ្រាវអាចម៍ផ្កាយ AMS របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា អង្គការទទួលបានការរាយការណ៍សរុបចំនួន ៣៦០ករណីមកពីរដ្ឋចំនួន ១២ ដែលបានអះអាងថា ពួកគេបានឃើញ​សកម្មភាពអាចម៍ផ្កាយ។ ខណៈសាក្សីភាគច្រើន ដែលបានជួបប្រទ​ហេតុការណ៍នេះ​គឺមកពីរដ្ឋ Virginia រដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋ Maryland នៅវេលាម៉ោង ១១៖០០នាទីយប់ អាចម៍ផ្កាយនោះត្រូវបានគេមើលឃើញតាំងពីនៅរដ្ឋ Carolina ខាងត្បូងរហូតដល់រដ្ឋ Vermont។ បើតាមអង្គការ AMS ដុំអាចម៍ផ្កាយនេះ​បានបញ្ចប់ការធ្វើដំណើររបស់វា នៅលើមហាសមុទ្រអាត្លង់ទិចក្បែរឆ្នេរ Bethany នៃរដ្ឋ Delaware។

គួរជម្រាបថា យោងតាម AMS ជារៀងរាល់ថ្ងៃអាចម៍ផ្កាយតូចៗរាប់ពាន់​តែងតែបានហោះកាត់បរិយាកាសផែនដី ដោយភាគច្រើនគឺនៅ លើផ្ទៃមហាសមុទ្រ និងតំបន់គ្មានមនុស្សរស់នៅ ឬក៏កើតមានចំពេលថ្ងៃ ដែលភ្នែកមនុស្សយើងមិនអាចមើលឃើញ។ អង្គការ AMS បានគូសបញ្ជាក់ទៀតថា ការដែលអាចម៍ផ្កាយមានពន្លឺចែងចាំងបែបនេះ គឺជាព្រឹត្តិការណ៍ដ៏កម្រមួយផងដែរ។

ទោះបីជាយ៉ាងណា លក្ខណៈវិសេសនៃអាចម៍ផ្កាយខាងលើនេះ មិនមាននរណាដឹងនោះឡើយ ប៉ុន្តែបើតាមយើងចាំបានព្រឹត្តិការណ៍ព្រឺព្រួចបំផុត​នៃការធ្លាក់របស់អាចម៍ផ្កាយនោះ គឺបានកើតមានឡើងនៅទីក្រុង Chelyabinsk នៃប្រទេសរុស្ស៊ី ដោយបានបង្កឲ្យមនុស្សជិត ១,៥០០នាក់រងរបួស និងអគារជាច្រើនជាង ៧,២០០ខ្នងរងការ​បំផ្លិចបំផ្លាញ ដោយសារតែកម្លាំងអាចម៍ផ្កាយមុខកាត់ ២០ម៉ែត្រផ្ទុះនៅលើអាកាស កាលពីខែកុម្ភៈ ឆ្នាំ២០១៣៕