(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកអាចបណ្ដេញនរណាក៏ដោយឱ្យតែ មានជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសអាមេរិកចេញពីតំណែង ប៉ុន្តែលោកមិនបានជ្រើសរើស ធ្វើដូច្នេះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកចេញផ្សាយនូវរបាយការណ៍ស៊ើប អង្កេតរបស់រដ្ឋអាជ្ញាពិសេសអាមេរិក លោក Robert Mueller ពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់ថារុស្ស៊ីបានលូក ដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។ ថ្លែងលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ នេះ លោកប្រធានាធិបតីអាមេរិកបានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមានសិទ្ធិបញ្ចប់រាល់ការស៊ើបអង្កេតទាំងអស់ បើសិន ជាខ្ញុំចង់ ហើយខ្ញុំក៏អាចបណ្ដេញនរណាក៏ដោយចេញពីតំណែងក្នុងនោះរួមទាំងលោក Mueller ផងដែរ។ ប៉ុន្តែខ្ញុំមិន បាន ជ្រើសរើសធ្វើដូច្នេះទេ បើទោះជាខ្ញុំមានសិទ្ធិជាប្រធានាធិបតីក៏ដោយ»

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់លោក Robert Mueller លោក ដូណាល់ ត្រាំ និងក្រុមយុទ្ធនាការឃោសនា បោះឆ្នោតរបស់លោកមិនមានទំនាក់ទំនងពិសេសណាមួយជាមួយរុស្ស៊ីនោះទេ ប៉ុន្តែលោកត្រាំ ទំនងជាបានបង្ក ឧបសគ្គដល់ការស៊ើបអង្កេត៕