(តៃប៉ិ)៖ កំពូលមហាសេដ្ឋីប្រាក់ពាន់លាន និងជាប្រធានក្រុមហ៊ុន Foxconn នៅកោះតៃវ៉ាន់ លោក Terry Gou បានធ្វើការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅថ្ងៃពុធសប្ដាហ៍នេះថា លោកនឹងឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកោះតៃវ៉ាន់នៅឆ្នាំ២០២០ តាមការបញ្ជារបស់ព្រះម៉ែសមុទ្រ Mazu។ ប៉ុន្តែទន្ទឹមគ្នាការប្រកាសនេះក៏បានបង្កជាការជជែកដេញដោលយ៉ាងខ្លាំងផងដែរស្ដីពីទំនាក់ទំនងរវាងកោះតៃវ៉ាន់ជាមួយ សហរដ្ឋអាមេរិក និងចិន ខណៈលោក Gou ត្រូវបានគេមើលឃើញថា ហាក់ដូចជាមានទំនោរងារទៅចិនច្រើនជាង។

* តើលោក Terry Gou ជានរណា?

លោក Terry Gou មានអាយុ៦៨ឆ្នាំ គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនតៃវ៉ាន់ Foxconn Technology Group ដែលជាក្រុមហ៊ុនផ្គង់ផ្គង់បរិក្ខាឱ្យក្រុមហ៊ុនល្បីៗជាច្រើន នៅលើពិភពលោកដូចជា Apple ជាដើម។ លោក Gou បានបង្កើតក្រុមហ៊ុន Foxconn ដែលបច្ចុប្បន្នមានទ្រព្យសរុប៤១ពាន់លានដុល្លារ (ទ្រព្យក្រុមហ៊ុន) ដោយផ្ដើមចេញពីការខ្ចីលុយរកស៊ី ពីម្ដាយរបស់លោក ៧,៥០០ដុល្លារកាលពីឆ្នាំ១៩៧៤ នៅពេលលោកមានអាយុ២៣ឆ្នាំ។

បន្ថែមពីលើនេះក្នុងនាមជាកូនប្រុសចម្បងក្នុងចំណោមកូនប្រុស៣នាក់ លោក Gou គឺជាមនុស្សតឹងរ៉ឹងតែមានសណ្ដានចិត្តសប្បុរស។ ជាក់ស្ដែងបើតាមប្រភពមួយចំនួន ចេញពីក្រុមហ៊ុន Foxconn ស្ថាបនិករូបនេះធ្លាប់បង្គាប់ឱ្យបុគ្គលិកជាន់ខ្ពស់ម្នាក់ឈររយៈពេល១០នាទី ដោយសារតែការផ្ដល់ចម្លើយមិនត្រូវចិត្តរបស់លោកនៅអំឡុងកិច្ចប្រជុំ មួយដែលមានមនុស្សចូលរួមរាប់រយនាក់។ មិនតែប៉ុណ្ណោះលោក Gou ក៏ត្រូវបានគេស្គាល់យ៉ាងច្បាស់ផងដែរ ជាមនុស្សដែលម្នាក់ដែលដឹកនាំកិច្ចប្រជុំមានរយៈពេលរាប់ម៉ោង ហើយមនុស្សជំនិតរបស់លោក ក៏ត្រូវរង់ចាំទទួលទូរស័ព្ទពេញ២៤ម៉ោង ក្នុងមួយថ្ងៃ និង៧ថ្ងៃមួយសប្ដាហ៍ មិនថាពេលយប់ ពេលថ្ងៃនោះទេ ឲ្យតែលោក Gou ត្រូវការ។

លោក Terry Gou គឺជាមហាសេដ្ឋីជាប់លេខ៣ នៅកោះតៃវ៉ាន់ និងជាប់លេខ ៤៤២នៅលើពិភពលោកជាមួយ ទ្រព្យសម្បត្តិសរុប ៧.៧ពាន់លានដុល្លារ។ លោកបានរៀបការជាមួយលោកស្រី Serana Lin នៅឆ្នាំ១៩៧៤ តែលោកស្រីស្លាប់នៅឆ្នាំ២០០៥ ហើយរហូតដល់ឆ្នាំ២០០៨ ទើបមហាសេដ្ឋីរូបនេះរៀបការ យកប្រពន្ធថ្មីឈ្មោះ Delia Tseng។ លោក Terry Gou មានកូនទាំងអស់ចំនួន៤នាក់ឈ្មោះ។

*លោក Terry Gou មានទំនោរងាកទៅរកចិន ច្រើនជាងសហរដ្ឋអាមេរិក

នៅថ្ងៃពុធសប្ដាហ៍នេះ លោក Terry Gou បានប្រកាសថា លោកនឹងឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីកោះតៃវ៉ាន់នៅឆ្នាំ២០២០ តាមការបញ្ជារបស់ព្រះម៉ែសមុទ្រ Mazu។ ព្រះម៉ែសមុទ្រ Mazu ទទួលបានការគោរពពីប្រជាជនមួយចំនួនធំនៅភាគខាងត្បូងប្រទេសចិន រួមទាំងកោះតៃវ៉ាន់ ម៉ាឡេស៊ី និងវៀតណាម។

ការលើកឡើងពីឈ្មោះព្រះម៉ែសមុទ្រ Mazu កាន់តែធ្វើឱ្យគេមើលឃើញយ៉ាងច្បាស់ថាលោក Gou មានទំនោរងាកទៅរកចិន។ ក៏ប៉ុន្តែតាមការពិត មហាសេដ្ឋីរូបនេះមានទំនាក់ ទំនងល្អជាមួយទីក្រុងប៉េកំាងយូរណាស់មកហើយ តាមរយៈការរកស៊ីនៅក្នុងប្រទេសចិន។ ពោលគឺក្រុមហ៊ុន Foxconn របស់លោកគឺជាក្រុមហ៊ុនតៃវ៉ាន់ដំបូងគេបំផុត មួយបានវិនិយោគ និងមានរោងចក្រលើទឹកដីចិន ដែលកំពុងផ្ដល់ការងារដល់ប្រជាជនចិនរាប់សែននាក់។

គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ នៅឆ្នាំ២០២០ ហើយលោក Terry Gou នឹងត្រូវចូលរួមប្រកួតប្រជែងយកតំណែងជាបេក្ខជនប្រធានាធិបតីតំណាង ឱ្យគណបក្សប្រឆាំងតៃវ៉ាន់បច្ចុប្បន្ន Kuomintang ដែលមានគោលនយោបាយទន់ភ្លន់ជាមួយចិន។ ដូច្នេះបើសិនជា លោក Gou ត្រូវបានជ្រើសរើសជាបេក្ខជនប្រធានាធិបតី មែន នោះលោកនឹងក្លាយជាគូប្រជែងដ៏ធំរបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន ដែលកំពុងបាត់ប្រជាប្រិយភាព និងមានទំនាក់ទំនងមិនល្អនឹងចិន៕

ប្រភព៖ Bloomberg (ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩)