(លីម៉ា)៖ នៅទីបំផុតអតីតប្រធានាធិបតីប៉េរូលោក Alan Garcia បានទទួលមរណភាព ហើយនៅក្នុងមន្ទីរពេទ្យ ក្រោយពីលោកបានទាញកាំភ្លើងបាញ់ខ្លួនឯងត្រង់ក្បាល នៅចំពោះមុខក្រុមសមត្ថកិច្ចប៉េរូ ដែលបានចុះទៅចាប់ខ្លួនលោកដល់លំនៅឋាន ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងពុករលួយ-ស៊ីសំណូក កាលពីអំឡុងពេលលោកកាន់អំណាច។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន Reuters នាយប់ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៩។

ប៉ូលិសប្រទេសប៉េរូបានបញ្ជាក់ថា លោក Garcia អាយុ ៦៩ឆ្នាំ បានព្យាយាមបាញ់សម្លាប់ ខ្លួននៅចំពោះមុខសមត្ថកិច្ច ហើយក្រោយផ្ទុះករណីនេះរួចលោកត្រូវបានគេបញ្ជូនទៅកាន់ មន្ទីរពេទ្យ Casimiro យ៉ាងទាន់ហន់ ដើម្បីទទួលការវះកាត់ និងសង្គ្រោះបន្ទាន់ ប៉ុន្តែនៅតែមិនអាចទាន់ពេល។ កាលពីអំឡុងពេលលោក Garcia កំពុងស្ថិតនៅក្នុងបន្ទប់ សង្គ្រោះបន្ទាន់ មន្ត្រីសុំមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់ ភ្នាក់ងារទូរទស្សន៍អាមេរិកប្រចាំនៅប៉េរូថា ពេលនេះលោក Garcia កំពុងស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយកូនប្រុសរបស់លោក និងប្រជាជន ប៉េរូ ដែលគាំទ្ររូបលោកយ៉ាងច្រើនកុះករ កំពុងឈរនៅខាងក្រៅមន្ទីរពេទ្យដើម្បីផ្តល់កម្លាំងចិត្ត។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះបានកើតមានឡើង កាលពីព្រឹកថ្ងៃពុធនេះតែម្តង (ពេលវេលានៅអាមេរិកឡាទីន)។ លោក Garcia គឺជាអតីតមេដឹកនាំល្បីឈ្មោះមួយរូបរបស់ប៉េរូ ដែលបានកាន់អំណាចពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩០ ហើយនិងបានឈ្នះឆ្នោតមួយអាណត្តិទៀតរយៈពេល ០៥ឆ្នាំកាលពីឆ្នាំ២០០៦។

រហូតមកដល់ឆ្នាំ២០១៨ លោក Garcia បានទទួលរងការចោទប្រកាន់ពីបទប្រព្រឹត្ត អំពើពុករលួយ និងការស៊ីសំណូកអំឡុងពេលលោកកាន់អំណាច ដែលជាហេតុបានធ្វើឲ្យលោកព្យាយាម សុំសិទ្ធិជ្រកកោននយោបាយនៅអ៊ុយរ៉ាហ្គា ប៉ុន្តែអាជ្ញាធរប៉េរូបានចេញបម្រាមមិនឲ្យលោក ចាកចេញពីប្រទេសនោះឡើយ ដោយសារលោកកំពុងស្ថិតនៅក្នុងការចោទប្រកាន់ ហើយអាជ្ញាធរអ៊ុយរ៉ាហ្គាយវិញនោះ ក៏បានបដិសេធសំណើរបស់លោកថែមទៀត៕