(ប៉ារីស)៖ បណ្តាប្រទេសទាំងអស់នៃសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសចិន ឥណ្ឌា អូស្ត្រាលី នូវែលសេឡង់ បណ្តាប្រទេសអាមេរិកឡាទីន ទ្វីបអាស៊ី និងអាហ្វ្រិកផងដែរ បានបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះប្រជាជាតិបារាំង ដែលទើបបាត់បង់ សម្បត្តិបេតិកភ័ណ្ឌជាតិ-អន្តរជាតិ ដែលមិនអាចកាត់ថ្លៃបាន នោះគឺព្រះវិហារកាតូលិកបុរាណ Notre Dame ដែលមានអាយុកាល ៨៥០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៩។

បណ្តាប្រទេសអឺរ៉ុប អាស៊ី អាហ្វ្រិក និងអាមេរិក បានចាត់ទុកព្រះវិហារបុរាណខាងលើនេះ គឺជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់អន្តរជាតិ និងជាដួងព្រលឹងជាតិបារាំងទាំងមូល ប៉ុន្តែវាបាន ឆាបឆេះស្ទើរខ្ទេចខ្ទីទាំងស្រុងកាលពីយប់ថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ ជុំវិញការបាត់បង់ដ៏ធំធេងនៃ ប្រជាជាតិបារាំងនេះ បណ្តារដ្ឋនានានៅទូទាំងសហរដ្ឋអាមេរិក បានរំលេចទង់ជាតិបារាំង នៅតាមទីលានប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីសម្តែងនូវការសោកស្តាយ ខណៈប្រធានាធិបតីចិនលោក ស៊ី ជិនពីង វិញបានផ្ញើសារលិខិតចូលរួមសម្តែងការសោកស្តាយ ទៅកាន់ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង ដោយផ្ទាល់។

គួរបញ្ជាក់ថា ព្រះវិហារកាតូលិកបុរាណ Notre-Dame ដ៏ល្បីល្បាញជាប្រវត្តិសាស្ត្រនៃទីក្រុង ប៉ារីស ដែលមានអាយុកាល ៨៥០ឆ្នាំទៅហើយនោះ ត្រូវបានអគ្គីភ័យលេបត្របាក់ស្ទើរទាំងស្រុង កាលពីថ្ងៃចន្ទ ម្សិលមិញនេះ។ ការឆេះអគារខាងលើនេះ គឺបានបង្កការភ្ញាក់ផ្អើល និងសោកស្តាយជាពន់ពេក ពីសំណាក់ប្រជាជនបារាំងគ្រប់រូប ហើយភ្លាមៗប្រធានាធិបតីលោក អេមម៉ានុយអ៊ែល ម៉ាក្រុង បានសន្យាធ្វើការស្តារ និងកសាងព្រះវិហារបុរាណនេះ ឡើងវិញឲ្យបាន។ ដោយឡែក ក្រុម ពន្លត់អគ្គីភ័យបានចំណាយពេលរហូតដល់ទៅ ៩ម៉ោងទើបអាចពន្លត់ភ្លើងបានទាំងស្រុង។

ចំពោះមូលហេតុដែលបង្កជាគ្រោះអគ្គីភ័យខាងលើនេះឡើង គឺទំនងជាបង្កឡើងដោយការធ្វេសប្រហែស ឬកំហុសបច្ចេកទេសនៃការជួសជុល ព្រះវិហារបុរាណ Notre-Dame ឡើងវិញ។ លោកប្រធានាធិបតី បារាំងលោក ម៉ាក្រុង បានទៅដល់កន្លែងកើតហេតុដោយផ្ទាល់ក្រោយអគ្គីភ័យរលត់ ហើយលោកបានចាត់ទុកថា នេះជាការសង្គ្រោះទាន់ពេល ដោយមិនបានបង្កឲ្យអ្វីកាន់តែអាក្រក់ជាងនេះ៕