(តូក្យូ)៖ នាវេលាម៉ោង ៦៖២៨នាទីល្ងាចថ្ងៃអង្គារនេះ (ម៉ោងនៅតូក្យូ) មានករណីផ្ទុះភ្នំភ្លើង​បានកើតមានឡើងនៅក្នុងខេត្ត Kumamoto នៃភាគនិរតីប្រទេសជប៉ុន ប៉ុន្តែស្ថិតនៅក្នុងកម្រិត​មធ្យមប៉ុណ្ណោះ ខណៈពុំទាន់មានព័ត៌មានណាមួយបញ្ជាក់ថា អាចមានជនរងគ្រោះ ឬក៏អត់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នាយប់ថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០១៩។

ភ្នំភ្លើងដែលបានផ្ទុះជះកម្អែលផេះឡើងលើអាកាសនេះ គឺជារណ្តៅមួយមានឈ្មោះថា Nakadake ស្ថិតនៅក្នុងតំបន់ភ្នំភ្លើង Aso ដែលបានចាប់ផ្តើមការផ្ទុះយ៉ាងសកម្មជាបន្តបន្ទាប់ តាំងតែពីខែតុលា ឆ្នាំ២០១៦ មកម្ល៉េះ។ បើតាមទីភ្នាក់ងារតាមដានគ្រោះធម្មជាតិជប៉ុន កម្អែលផេះភ្នំភ្លើងបានកញ្ជ្រោលឡើងដល់លើមេឃ ក្នុងរយៈកម្ពស់ ២០០ម៉ែត្រផងដែរ។

គួរបញ្ជាក់ថា អាជ្ញាធរជប៉ុនបានបង្កើន​ការប្រកាសអាសន្នដល់កម្រិតទី ២ (កម្រិតខ្ពស់បំផុត៥) តាំងតែពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះមកម្ល៉េះ ដោយវាជាសញ្ញាព្រមានទុកជាមុនថា ភ្នំភ្លើងនេះអាចនឹងផ្ទុះបានគ្រប់ពេលវេលា ប៉ុន្តែស្ថិតនៅក្នុងកម្រិតមធ្យម ឬស្រាលប៉ុណ្ណោះ ខណៈវាធ្លាប់បានបង្ហាញសញ្ញាមិនស្រួលខ្លាំង​ កាលពីកំឡុងចុងខែកុម្ភៈ ដល់ពាក់កណ្តាលខែមីនា។

បន្ថែមពីខាងលើនេះ អាជ្ញាធរជប៉ុនបានធ្វើការហាមឃាត់មិនឲ្យប្រជាជន ឬអ្នកទេសចរនានា ធ្វើដំណើរទៅតំបន់រង្វង់ ១គីឡូម៉ែត្រព័ទ្ធជុំវិញតំបន់ភ្នំភ្លើង Aso នោះផងដែរ ព្រោះបើមាន​ករណីផ្ទុះកើតឡើង ទោះបីធ្ងន់ ឬស្រាល នោះវានឹងបង្កឲ្យមានដុំថ្មខ្ទាត និងធ្លាក់រាយប៉ាយមកលើដីវិញនៅជុំវិញមាត់ភ្នំភ្លើងជាមិនខាន៕