(វ៉ាស៊ីនតោន)៖ កាលពីដើមសប្ដាហ៍កន្លងទៅ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសចាត់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ជាអង្គការភេរវកម្មដោយចោទអ៊ីរ៉ង់ថា ជាទីជម្រករបស់ក្រុមអាល់កៃដា ហើយនេះក៏ជាលើកដំបូងបំផុតផងដែរ​ដែលសហរដ្ឋអាមេរិកចាត់ទុក កងកម្លាំងនៃប្រទេសមួយជាអង្គការភេរវកម្ម។ ប៉ុន្តែទន្ទឹមគ្នា ការសម្រេចចិត្តនេះ​ត្រូវបានក្រុមអ្នកជំនាញខ្លះយល់ថា អាចនឹងទាញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាន់តែខិតជិតការប្រឈមមុខយោធា ដាក់គ្នាដោយផ្ទាល់រវាងសត្រូវទាំងពីរ។

* តើកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់គឺជាអ្វី?

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ជាអង្គភាពយោធាកំពូលមួយ ដែលត្រូវបានបង្កើតឡើង​ក្រោយបដិវត្តន៍នៅអ៊ីរ៉ង់ ឆ្នាំ១៩៧៩។ អង្គភាពយោធាមួយនេះបានពង្រីកឥទ្ធិពលរបស់ខ្លួន​យ៉ាងខ្លាំង នៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយគ្មានកោតក្រែងសហរដ្ឋអាមេរិក តាមរយៈការបង្កើនវត្តមាន​នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ជាពិសេសគឺការចូលរួមប្រតិបត្តិការ​យោធា​កម្ចាត់ពួក ISIS ជាដើម។ ដោយឡែកបើតាមក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ IRGC មានកងទ័ពច្រើនជាង ១៥០,០០០នាក់ និងមានតួនាទីចម្បងការពារសន្តិសុខផ្ទៃក្នុងប្រទេស រីឯប្រមុខនៃកងអង្គភាពនេះ គឺលោកឧត្តមសេនីយ មូហាំម៉េដ អាលី ហ្សាហ្វារី (Mohammad Ali Jafari) ដែលត្រូវបានគេរាយការណ៍ថា គោរពតាមបញ្ជាយ៉ាងមុតមាំពីមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក អាលី ខាមេណៃ (Ali Khamenei)។

* តើសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចនឹងផ្ទុះឡើងដែរ ឬទេ?

ការព្រួយបារម្ភពីលទ្ធភាពនៃការផ្ទុះរវាងអាមេរិក និងអ៊ីរ៉ង់ កើតមានឡើងតាំងតែលោក ដូណាល់ ត្រាំ ប្រកាសតែងតាំងលោក ចន ប៊ូលតុន (John Bolton) ជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក និងប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ កាលពីឆ្នាំ២០១៨ មកម្ល៉េះ។ ជាក់ស្ដែងលោក Bolton កាលពីឆ្នាំ២០១៨ បានលើកឡើងជាបន្តបន្ទាប់ពីគោលបំណង​របស់សហរដ្ឋអាមេរិក ក្នុងការផ្លាស់ប្ដូររបបដឹកនាំអ៊ីរ៉ង់សព្វថ្ងៃ។

ជុំវិញបញ្ហានេះដែរ អ្នកជំនាញមកពីគេហទំព័រ Al Monitor លោក ម៉ូហាំម៉េដ អាលី ហ្សាបានី (Mohammad Ali Shabani) បានគូសបញ្ជាក់ថា ការសម្រេចចិត្តចាត់បញ្ចូល IRGC ជាអង្គការភេរវកម្មពីសំណាក់លោក ដូណាល់ ត្រាំ នឹងបង្កើតជារនាំងនៃកិច្ចសន្ទនាជាមួយអ៊ីរ៉ង់ ហើយមិនតែប៉ុណ្ណោះវាក៏កាន់តែរុញឱ្យប្រទេសទាំង ២ ខិតកាន់តែជិតមាត់ជ្រោះសង្រ្គាម បើសិនជាមានការប៉ះទង្គិចណាមួយ រវាងយោធាអាមេរិកនៅក្នុងតំបន់ ជាពិសេសនៅអ៊ីរ៉ាក់ ជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលទើបតែព្រមានឱ្យនាវាចម្បាំងអាមេរិក ស្ថិតនៅឱ្យឆ្ងាយពីកងកម្លាំងរបស់ខ្លួន។

យ៉ាងណាក៏ដោយ លោក Ali Shabani មិនបានបញ្ជាក់ពីភាពប្រាកដប្រជាថា សង្រ្គាមអាចនឹងផ្ទុះឡើងនោះទេ ប៉ុន្តែលោកក៏បានអះអាងបន្ថែមដែរថា លោក ដូណាល់ ត្រាំ ទំនងជាកំពុងចង់ប្រើប្រាស់ការគំរាមកំហែង ដើម្បីបង្កការភ័យខ្លាចដល់ប្រជាជនអ៊ីរ៉ង់ និងបង្កចលាចល​នៅក្នុងប្រទេសអ៊ីរ៉ង់តែប៉ុណ្ណោះ។ បន្ថែមពីលើនេះលោក ត្រាំ ក៏ប្រហែលជាចង់ប្រើប្រាស់អ៊ីរ៉ង់ ជាកម្មវិធីនយោបាយសម្រាប់ការរកសំឡេងឆ្នោត ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក​ឆ្នាំ២០២០ផងដែរ។

គួរបញ្ជាក់ថា ក្រោយសហរដ្ឋអាមេរិកចាត់ទុក IRGC ជាអង្គការភេរវកម្ម អ៊ីរ៉ង់បានសងសឹកវិញភា្លមៗ តាមរយៈការប្រកាសចាត់បញ្ចូលទីបញ្ជាការយោធាកណ្ដាលអាមេរិក (CENTCOM) ជាអង្គការភេរវកម្មដូចគ្នា។ សង្រ្គាមផ្ទុះឡើងនៅពេលណា គ្មាននរណាអាចទាយទុកមុនបានទេ ប៉ុន្តែអ្វីដែលគេដឹងយ៉ាងប្រាកដនោះគឺ បើសង្រ្គាមរវាងអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើងមែននោះ គ្រោះមហន្តរាយដ៏ធំមហិមា​នៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល នឹងកើនឡើងដោយជៀសមិនរួច៕

ប្រភព៖ CNN (ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩)