(វ៉ាស៊ីនតោន)៖ ការសិក្សាថ្មីមួយបានបង្ហាញថា ជីវិតអាចកំពុងតែមានការវិវត្តន៍ឡើង​នៅតាមភពអេលៀន (Exoplanet) ក្នុងប្រព័ន្ធផ្កាយដែលនៅក្បែរៗយើង បើទោះជាភពទាំងនោះទទួលរងកម្រិតវិទ្យុសកម្មខ្ពស់ ពីទីអវកាសយ៉ាងណាក្តី ខណៈកន្លងមកហេតុផលមួយនេះ បានធ្វើឲ្យមនុស្សលោកបាត់បង់ក្តីសង្ឃឹមថា ភពអេលៀនដែលនៅក្បែរខាងយើង ប្រហែលអាចមានផ្ទុកជីវិត។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩។

បើតាមការសិក្សាខាងលើ នៅក្នុងប្រព័ន្ធផ្កាយក្បែរៗយើង ប្រភេទភពថ្មមានលក្ខណៈស្រដៀងផែនដី ដែលស្ថិតក្នុងតំបន់អំណោយផលសម្រាប់ជីវិត ដែលគេ ហៅថា Habitable Zone (មិនជិតហើយក៏មិនកៀកនឹងផ្កាយរបស់ពួកវាពេក) គឺអាចមានវត្តមានជីវិតក្នុងទម្រង់ណាមួយ ដោយទម្រង់ជីវិតមានលទ្ធភាពអាចវិវត្តន៍ទៅបាន បើទោះបីជាភពអស់នោះ ទទួលរងកម្រិតវិទ្យុសកម្មខ្ពស់យ៉ាងណាក៏ដោយ។

អ្នកវិទ្យាសាស្រ្តបានលើកឡើងថា រាល់ជីវិតនៅលើផែនដីនាសព្វថ្ងៃនេះ គឺបានវិវត្តន៍ចេញមកពីទម្រង់ជីវិត ដែលបានលូតលាស់ឡើង នៅអំឡុងពេលដែលមានការលុកលុយ នៃកាំរស្មីនៃធាតុវិទ្យុសកម្មពីទីអវកាសខ្លាំងក្លាជាង បណ្តាភពអេលៀនដូចជា Proxima-b ដែលទទួលរងវិទ្យុសកម្មកាំរស្មីអ៊ិច ខ្ពស់ជាងផែនដីនាពេលបច្ចុប្បន្នដល់ទៅ ២៥០ដងឯណោះ។

គួរជម្រាបថា ភពផែនដីកាលពី ០៤ពាន់លានឆ្នាំមុន គឺជាទីឋានដែលមានភាពវឹកវរ មានកម្តៅក្តៅ និងវិទ្យុសកម្មខ្ពស់ គឺមិនសូវខុសគ្នាប៉ុន្មានពីអ្វីដែលកំពុងកើតឡើងនៅតាមភពអេលៀនមួយចំនួន ដែលនៅក្បែរៗយើងនោះឡើយ។ ទោះជាបែបនេះក្តី ទម្រង់ជីវិត នៅតែអាចកកើតក៏ដូចជាវិវត្តន៍ទៅមុខ រហូតក្លាយជាពួកយើងទាំងអស់គ្នាដូចសព្វថ្ងៃនេះ៕