(តូក្យូ)៖ យន្ដហោះចម្បាំងបំបាំងកាយជប៉ុន F-35 បញ្ជាដោយពីឡុតមា្នក់បានបាត់ចេញពីប្រព័ន្ធរ៉ាដា អំឡុងពេល ហ្វឹកហាត់ពីលើមហាសមុទ្រប៉ាស៊ីហ្វិក នៅយប់ថ្ងៃអង្គារនេះ។ នេះបើតាមក្រសួងការពារជាតិជប៉ុន ដកស្រង់ចេញ ផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩។

យោងតាមក្រសួងការពារជាតិជប៉ុន យន្ដហោះចម្បាំងខាងលើបានបាត់ចេញពីប្រព័ន្ធរ៉ាដានៅម៉ោង ៧៖៣០នាទីយប់ (ម៉ោងនៅក្នុងតំបន់) ខណៈកំពុងហោះហើរនៅចំងាយ១៥៣គីឡូម៉ែត្រពីភាគខាងកើតទីក្រុង Misawa ស្ថិតនៅ ភាគឦសានប្រទេសជប៉ុន។

ប៉ុន្តែមកទល់នឹងពេលនេះ ពុំទាន់មានការបញ្ជាក់ពីជោគវាសនារបស់ពីឡុត ហើយគេមិនទាន់ដឹងច្បាស់ថាយន្ដហោះ ចម្បាំង F-35 ដ៏ទំនើបទិញពីសហរដ្ឋអាមេរិកមួយនេះធ្លាក់ ឬក៏យ៉ាងណានោះដែរ ស្របពេលអាជ្ញាធរកំពុងតាម ស្វែងរក៕