(អឺរ៉ុប)៖ ប្រធានសភាអឺរ៉ុបលោក អាន់តូនីញ៉ូ តាហ្សានី (Antonio Tajani) បានធ្វើការអត្ថាធិប្បាយពាក់ព័ន្ធនឹងស្ថានភាពសព្វថ្ងៃ នៅក្នុងប្រទេសលីប៊ី ជាមួយការរំឮកឡើងវិញពីតួនាទីស្នូលរបស់បារាំង ក្នុងការផ្ដួលរំលំអតីតរបបដឹនាំ លោក មួអាមម៉ា ហ្គាដាហ្វី (Muammar Gaddafi) កាលពីឆ្នាំ២០១១។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍អ៊ីតាលី Sky TG24 លោក Tajani បានលើកឡើងដូច្នេះថា «យើងតែងតែនាំគ្នានិយាយថា បារាំង និងអ៊ីតាលី​មានផលប្រយោជន៍រៀងៗខ្លួន​នៅក្នុងប្រទេសលីប៊ី... ជាក់ស្ដែងអតីតប្រធានាធិបតីបារាំង លោក សាកូហ្ស៊ី (Sarkozy) គឺជាអ្នកគាំទ្រម្នាក់ក្នុងចំណោមអ្នកដែលចង់ផ្ដួលរំលំ និងសម្លាប់លោក Muammar Gaddafi តាមរយៈការចូលដៃចូលជើងជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស»

លោកបន្ថែមថា បារាំងមានកំហុសផ្នែកការទូតយ៉ាងធ្ងន់ធ្ងរ ដោយរំពឹងថា​អាចមានឥទ្ធិពលដ៏ធំនៅលីប៊ី តែចុងបញ្ចប់អ្វីដែលនៅសល់គឺភាពវឹកវរ​មកទល់នឹងសព្វថ្ងៃ ហើយបើគ្មានដំណោះស្រាយសមស្របណាមួយទេ នោះស្ថានភាពនឹងរឹតតែអាក្រក់​ទៅហួសពីការនឹកស្មាន។ ការលើកឡើងនេះ គឺស្ថិតនៅចំពោះមុខជម្លោះជាថ្មីរវាង​តំបន់ភាគខាងលិច និងតំបន់ភាគខាងកើតរុស្ស៊ី ដែលសុទ្ធសឹងតែមានរដ្ឋាភិបាល និងកម្លាំងយោធា ព្រមទាំងមហាអំណាចកាងនៅពីក្រោយរៀងៗខ្លួន។

គួរបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពនៅក្នុងប្រទេសលីប៊ី បច្ចុប្បន្នកំពុងជួបភាពវឹកវរជាថ្មី ដោយសារតែការវាយប្រយុទ្ធគ្នារវាង រដ្ឋាភិបាលភាគខាងកើតលីប៊ី និងរដ្ឋាភិបាលទីក្រុងទ្រីប៉ូលី ដែលអ្នកជំនាញខ្លះកំពុងព្រួយបារម្ភថាការបង្ហូរឈាមគ្នា អាចនឹងផ្ទុះឡើងវិញ ខណៈសហរដ្ឋអាមេរិកដែលគាំទ្ររដ្ឋាភិបាលភាគកើត (មាន UN នៅពីក្រោយ) បានសម្រេច​ដកទ័ពចេញជាបណ្តើរៗព្រោះមើលឃើញកងទ័ពភាគខាងលិច ដឹកនាំដោយលោកឧត្តមសេនីយ ខាលីហ្វា ហាហ្វតារ (Khalifa Haftar) កំពុងសម្រុកមកយ៉ាងលឿន មកកាន់ទីក្រុងទ្រីប៉ូលី៕