(ប៉ាគីស្ថាន)៖ អ្នកនាំពាក្យយោធាប៉ាគីស្ថាន លោក អាស៊ីហ្វ ហ្គាហ្វួរ (Asif Ghafoor) បាននិយាយថា ឥណ្ឌាបរាជ័យក្នុងការផ្ដល់ភស្ដុតាង ជុំវិញការបាញ់ទម្លាក់យន្ដហោះចម្បាំង F-16 របស់ប៉ាគីស្ថាន នៅអំឡុងការប៉ះទង្គិចនៅលើអាកាសនៅឯតំបន់កាស្មៀរកាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅ ដែលប្រការនេះមានន័យថា ការបាញ់ទម្លាក់យន្តហោះ F-16 ប៉ាគីស្ថានគឺជារឿងប្រឌិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩។

លោក Asif Ghafoor ធ្វើការកត់សម្គាល់ខាងលើ ជាការឆ្លើយតបនឹងយោធាឥណ្ឌា ដែលបានអះអាងថា ខ្លួនបានទម្លាក់ យន្ដហោះចម្បាំងប៉ាគីស្ថាន F-16 មួយគ្រឿង។ តាមរយៈបណ្តាញសង្គម Twitter អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ការលើកឡើងដដែលៗ មិនអាចឱ្យការនិយាយកុហកក្លាយទៅជាការពិតនោះទេ ព្រោះ កងទ័ពអាកាសឥណ្ឌាមិនបានផ្ដល់ភស្ដុតាងគួរឱ្យទុកចិត្តបាន ដើម្បីការពារកាអះអាងរបស់ខ្លួននោះឡើយ...»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទយោធាប៉ាគីស្ថានដោយផ្អែកលើព័ត៌មានសំងាត់របស់ខ្លួន បានចោទប្រកាន់ថាឥណ្ឌាអាច នឹងបើកការវាយប្រហារជាថ្មីលើប៉ាគីស្ថាន នៅក្នុងខែមេសានេះ ប៉ុន្តែទីក្រុងញូដេលីបានទាត់ចោលព័ត៌មាននេះ។ ដោយឡែកកាលពីជម្លោះក្តៅគគុក កើតមានឡើងនៅតំបន់កាស្មៀរ ភាគីទាំងពីរបានអះអាងរៀងៗខ្លួនថា បានបាញ់ទម្លាក់យន្តហោះចម្បាំងគ្នាទៅវិញទៅមកៗ ដោយក្នុងនោះប៉ាគីស្ថានបានបាញ់ទម្លាក់ យន្តហោះ ចម្បាំងឥណ្ឌា ០២គ្រឿង ខណៈឥណ្ឌាវិញក៏បានអះអាងដែរថា បានបាញ់ទម្លាក់ F-16 របស់ប៉ាគីស្ថានមួយគ្រឿង៕