(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក American Airlines ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ បានប្រកាសឲ្យដឹងពីការសម្រេចបន្តផ្អាកជើងហោះហើររបស់ Boeing 737 MAX 8 រហូតដល់ដើមខែមិថុនា ខណៈដែលអាជ្ញាធរអាកាសចរណ៍អាមេរិកនៅតែមិនទាន់ផ្តល់ការអនុញ្ញាតឲ្យធ្វើប្រតិបត្តិការដូចដើមវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០១៩។

អាកាសចរណ៍ American Airlines បានចេញសេចក្តីប្រកាសយ៉ាងដូច្នេះថា «ជាកិច្ចខិតខំមួយដើម្បីធានាឲ្យបាននូវភាពជាក់លាក់បន្ថែម ហើយជៀសវាងការខកជើងហោះហើរនៅពេលជិតចេញដំណើរ ក្រុមហ៊ុនបានសម្រេចបន្តការផ្អាកជើងហោះហើររបស់ 737 MAX 8 រហូតដល់ថ្ងៃទី០៥ ខែមិថុនា»។ ក្នុងចំណោមយន្តហោះទាំងអស់របស់ខ្លួន American Airlines មាន Boeing 737 MAX 8 ចំនួន២៤គ្រឿង។

គួរជម្រាបថា កាលពីពាក់កណ្តាលខែមីនាកន្លងទៅ អាជ្ញាធរអាកាសចរណ៍អាមេរិក FAA បានបង្គាប់ឲ្យបញ្ឈរជើងយន្តហោះ Boeing 737 MAX ទាំងអស់ ក្រោយពី 737 MAX 8 សរុបពីរគ្រឿងបានធ្លាក់ (មួយនៅឥណ្ឌូណេស៊ីនិងមួយទៀតនៅអេត្យូពី) ក្នុងចន្លោះពេលមិនដល់កន្លះឆ្នាំពីគ្នាឡើយ ហើយបានផ្តាច់ជីវិតមនុស្សសរុបជាង៣០០នាក់។ យោងតាមលទ្ធផលបឋមនៃការស៊ើបអង្កេតជុំវិញករណីធ្លាក់យន្តហោះ មូលហេតុគឺពាក់ព័ន្ធជាមួយប្រព័ន្ធគ្រប់គ្រងការហោះហើរ anti-stall system យន្តហោះ ដែលបានធ្វើឲ្យពួកវាទាំងពីរគ្រឿងដាំក្បាលចុះក្រោមខុសពីប្រក្រតី នៅអំឡុងពេលហោះហើរ។ បច្ចុប្បន្ន Boeing កំពុងតែព្យាយាមកែតម្រូវប្រព័ន្ធ software នេះ៕