(តៃប៉ិ)៖ យន្ដហោះ Airbus 330 មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ ខាថាយដ្រាហ្គន (Cathay Dragon) ដឹកអ្នកដំណើរ ៣១៧នាក់ ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុងហុងកុង ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅឯទីក្រុង កៅស៊ុង (Kaohsiung) ស្ថិតនៅភាគខាងត្បូងកោះតៃវ៉ាន់ បន្ទាប់ពីមានផ្សែងភាយចេញពីម៉ាស៊ីន ដោយគេសង្ស័យថាវាបានបុកសត្វស្លាប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ី​នហួរ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩។

ជើងហោះហើរ KA-451 បានហោះឡើងចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុង Kaohsiung នៅម៉ោងប្រមាណ ៨៖០២នាទីព្រឹកថ្ងៃចន្ទនេះ ប៉ុន្តែត្រូវបង្ខំចិត្តបកក្បាលត្រឡប់ក្រោយ​ចុះចតជាបន្ទាន់ដោយជោគជ័យនៅម៉ោង ៨៖៣១នាទីព្រឹក បន្ទាប់ពីពីឡុតបានរាយការណ៍ថា មានផ្សែងចេញពីម៉ាស៊ីនមួយរបស់យន្ដហោះដែលប្រហែល ជាបណ្ដាលមកពីការបុកទង្គិចនឹងហ្វូងសត្វស្លាប។

គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើមិនបានបង្កឱ្យអ្នកដំណើរណាម្នាក់រងរបួសនោះទេ ខណៈមូលហេតុជាក់លាក់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕