(តេហេរ៉ង់)៖ ក្រោយពីបានដឹងលឺព័ត៌មាន ចេញផ្សាយដោយសារព័ត៌មានអាមេរិក Wall Street Journal ពីមន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះថា រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងកត់ឈ្មោះកងទ័ពបដិវត្តន៍អ៊ីរ៉ង់ IRGC ចូលទៅក្នុងបញ្ជីនៃអង្គការភេរវកម្ម (FTO) នោះ អ៊ីរ៉ង់ ក៏បាន ប្រកាសតបទៅអាមេរិកវិញថា ទីក្រុងតេហេរ៉ង់នឹងធ្វើដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩។

ប្រធានគណៈកម្មាធិការជាតិ នៃរដ្ឋសភាអ៊ីរ៉ង់ទទួលបន្ទុកផ្នែកសន្តិសុខ លោក ហេសម៉ាតូលឡាហ៍ ហ្វាឡាហាតភីហ្សេហ៍ (Heshmatollah Falahatpisheh) បានសរសេរបង្ហោះនៅលើគណនី Twitter របស់លោកនាថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា «ប្រសិនបើ កងទ័ពបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានកត់បញ្ចូលទៅក្នុងបញ្ជីក្រុមភេរវកររបស់អាមេរិកមែននោះ យើងក៏ធ្វើការកត់ឈ្មោះ កងទ័ពអាមេរិកចូលទៅក្នុងបញ្ជីខ្មៅនៃភេរវកររបស់យើងដូចគ្នា នោះគឺក្នុងនាមជាពួក ISIS ទីពីរតែម្តង...»

គួរបញ្ជាក់ថា ក្នុងរយៈជាច្រើនឆ្នាំមកនេះទាំងរដ្ឋាភិបាលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក តែងតែធ្វើការ ចោទប្រកាន់គ្នាទៅវិញទៅមកថា ជាប្រទេសដែលគាំទ្រពួកភេរវករ។ ការឆ្លើយតបទៅវិញភ្លាមៗ របស់អ៊ីរ៉ង់នាពេលនេះ គឺបានកើតមានឡើងបន្ទាប់ពី Wall Street Journal ចេញផ្សាយថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងតែរៀបចំដាក់បញ្ចូល កងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ (IRGC) ដែលជាកងទ័ពការពារជាតិដ៏មានឥទ្ធិពលនោះ ចូលទៅក្នុងបញ្ជីឈ្មោះនៃអង្គការភេរវកម្ម (FTO) ហើយទង្វើនេះ ត្រូវចាត់ទុក ជាទណ្ឌកម្មធ្ងន់ធ្ងរថ្មីមួយទៀត ដែលនឹងទម្លាក់ទៅលើ រដ្ឋអ៊ីស្លាមមួយនេះ៕