(បាងកក)៖ ការបោះឆ្នោតនៅប្រទេសថៃ ត្រូវបានបញ្ចប់ទៅដោយរលូនកាលពីវេលាម៉ោង ៥៖០០នាទីល្ងាចថ្ងៃអាទិត្យ ទី២៤ ខែមីនា ម្សិលមិញនេះ ហើយការរាប់សន្លឹកឆ្នោត បណ្តោះអាសន្ន និងមិនទាន់ផ្លូវការ ក៏បានចាប់ផ្តើមឡើងជាបណ្តើរៗផងដែរ ដោយគិតត្រឹមវេលាម៉ោង ៩៖០០នាទី ព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា គណបក្សភឿថៃ (Pheu Thai Party) ទទួលបានអាសនៈសរុប ១៣០ នាំមុនគណបក្សដទៃៗទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ថៃបាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ នេះតែម្តង។

ខាងក្រោមនេះគឺជាចំនួនអសនៈមិនទាន់ផ្លូវការ ដែលគណបក្ស នានាទទួលបាន៖

* គណបក្សភឿថៃ (Pheu Thai Party) ទទួលបាន ១៣០អាសនៈ
* គណបក្សគណបក្ស ផាឡាង ប្រាឆារ៉ាត (Palang Pracharath) របស់លោក ប្រាយុទ្ធ ចាន់អូចា ទទួលបាន ១២០អាសនៈ
* គណបក្សអនាគតទៅមុខ (Future Forward Party) ទទួលបាន ៧៨អាសនៈ,
* គណបក្សភូមិចៃថៃ (Bhumjaithai) ទទួលបាន ៤៩អាសនៈ
* គណបក្សប្រជាធិបតេយ្យ (Democrat Party) ទទួលបាន ៤៩អាសនៈ,
* គណបក្សឆាតថៃផាត់ថាណា (Chartthaipattana Party) ទទួលបាន ៩អាសនៈ,
* គណបក្សសេរីនិយមថៃ (Thai Liberal Party) ទទួលបាន ៩អាសនៈ
* គណបក្សសេដ្ឋកិច្ចថ្មី (New Economics) ទទួលបាន ៦អាសនៈ,
* គណបក្សមិត្តថៃ (Thai Friend Party) ទទួលបាន ៥អាសនៈ,
* គណបក្សរួបរួមសកម្មភាពថៃ (Action Coalition For Thailand) ទទួលបាន ៤អាសនៈ
* គណបក្សឆាតផាត់ថាណា (Chart Pattana Party) ទទួលបាន ២អាសនៈ
* គណបក្ស Thai Nation Power Party, Thai People Power Party, Thai Local Power Party, និងគណបក្ស Thai Forest Conservation Party ទាំង ៤គណបក្ស នេះសុទ្ធតែទទួលបាន មួយអាសនៈដូចៗគ្នា។

ចំពោះមុខលទ្ធផលបោះឆ្នោតមិនទាន់ផ្លូវការខាងលើនេះ អតីតនាយករដ្ឋមន្ត្រីថៃ និងជាប្រធាន គណបក្សប្រជាធិបតេយ្យ (Democrat Party) លោក អាប់ ភីស៊ីត វេចាជីវ៉ា បានប្រកាសលាលែងពីតំណែងប្រធានបក្ស ក្រោយពីទទួលបរាជ័យ ក្នុងការបោះឆ្នោតនេះ ខណៈបក្សលោកទទួលបានតែ ៤៩អាសនៈ ប៉ុន្តែលោកបាន ប្រកាសថា នឹងចូលរួម រដ្ឋាភិបាល ចម្រុះ ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញមណ្ឌលបោះឆ្នោត ចំនួន៩៣,២០០កន្លែង បានបើកទ្វារ នៅទូទាំងខេត្ត ចំនួន៧៧របស់ប្រទេសថៃ ដែលបានអនុញ្ញាតឲ្យពលរដ្ឋ ចូលទៅ បោះឆ្នោតបាន ចាប់ពី វេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច ហើយលទ្ធផលមិនទាន់ផ្លូវការ ត្រូវបានប្រកាសជាបន្តបន្ទាប់។ ដើម្បីអាចបង្កើតរដ្ឋាភិបាល មួយបានបក្សនយោបាយ ឈ្នះឆ្នោត ឬដៃគូចំរុះ ត្រូវការ អាសនៈចាប់ពី៣៧៦ ឡើងទៅនៅក្នុងចំណោម អាសនៈសរុប ៥០០ នៅក្នុងរដ្ឋសភា៕