(ប៉េកាំង)៖ នាថ្ងៃពុធនេះ​ចិន​បានទទួលជោគជ័យថ្មីមួយ ក្នុងការ​ធ្វើតេស្តហោះ​ហើរយន្តហោះ​ដ្រូនថ្មី (UAV ឬ Unmanned Aerial Vehicle) ឈ្មោះថា LQ-H ដែលដំណើរការ​ដោយថាមពលថ្ម ឬអាគុយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅ​ល្ងាច​ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។

ក្រុមហ៊ុន​ផលិត​យន្តហោះ​​រដ្ឋចិន COMAC បានឲ្យ​ដឹងថា LQ-H គឺជាយន្តហោះ​ដ្រូន​ដែលមានមុខងារ​ចម្បង ក្នុងការធ្វើបទបង្ហាញ​​ពី​​​ផ្នែក​បច្ចេកទេស ហើយវាបាន​ធ្វើតេស្តហោះហើរ​ដោយ​ជោគជ័យ នៅឯព្រលាន​យន្តហោះ​ក្នុង​ទីក្រុង ចេងចូវ (Zhengzhou) នៃខេត្ត ហេណាន (Henan) ភាគកណ្តាល​ប្រទេស​ចិន។ បើតាម​ក្រុមហ៊ុន COMAC ថ្មដែល​យន្តហោះដ្រូនប្រើប្រាស់​ ដើម្បីដំណើរការគឺ​ប្រភេទថ្ម Hydrogen Fuel Battery ខណៈថ្មបន្ទាប់​បន្សំរបស់វា​គឺប្រភេទ Lithium Battery។

គួរជម្រាបថា ថាមពល​អ៊ីដ្រូសែន (Hydrogen) អាចទាញយក​មកបាន តាមរយៈប្រភពធនធាន​ថាមពលអាច​កើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ និងថាមពលពី​កម្លាំងខ្យល់​​បក់ជាដើម។ ក្រុមហ៊ុន COMAC ដែលជាក្រុមហ៊ុន​អភិវឌ្ឍន៍យន្តហោះ​ដឹកអ្នកដំណើរ​ចិន C919 ​ផង​ដែរនោះ បានលើក​ឡើងថា ការធ្វើតេស្ត​​នាថ្ងៃពុធនេះ​លើដ្រូន LQ-H គឺជាវឌ្ឍនភាព​គួរឲ្យកត់សម្គាល់​មួយ​ ក្នុងកិច្ចប្រឹង​ប្រែង​​ឆ្ពោះ​​ទៅ​រក​ការ​បង្កើត​​យន្ត​ហោះ​ដែលប្រើប្រាស់​ថាមពលថ្មី៕