(ហ្សាការតា)៖ អាជ្ញាធរ​​ខេត្ត ប៉ាពួរ (Papua) ភាគខាងកើត​​ប្រទេស​ឥណ្ឌូណេស៊ី កំពុងត្រៀមរៀបចំ​​ការបញ្ចុះសពទ្រង់ទ្រាយ​ធំ​​មួយ ​សម្រាប់​ជនរងគ្រោះ​​ពីទឹកជំនន់ ខណៈចំនួនអ្នក​ស្លាប់ដោយសារគ្រោះ​មហន្តរាយនេះ​បានកើនឡើងដល់ ១០៤នាក់ហើយ នៅថ្ងៃពុធ​នេះ​។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មាន Channel News Asia នៅល្ងាច​ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។

បើទីភ្នាក់ងារជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី ក្រៅពីនេះប្រជាជនជិត ១០,០០០នាក់ ត្រូវបានជម្លៀសខ្លួន​ចេញពី​លំនៅ​ឋាន​ពួកគេ ហើយទឹកជំនន់​និងបំណាក់ដី ក៏បានបង្ករបួស​ស្នាមដល់​មនុស្ស​ ១៦០នាក់ផងដែរ ដោយក្នុងនោះ​៨៥នាក់របួសធ្ងន់ ខណៈ​ប្រជាជន ៧៩នាក់ទៀតបាត់ខ្លួន។ លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) អ្នកនាំពាក្យទីភ្នាក់ងារបានឲ្យដឹងថា ​ក្រោយការពិគ្រោះយោបល់​​ជាមួយក្រុមគ្រួសារ​ជនរងគ្រោះ និងព្រះវិហារ ពិធីបុណ្យ​សព្វទ្រង់ទ្រាយធំ​មួយសម្រាប់អ្នកបាត់បង់​ជីវិត នឹងត្រូវធ្វើឡើង​នៅ​ថ្ងៃ​ស្អែក​​។

គួរជម្រាបថា កាលពីចុង​សប្តាហ៍មុន​ទឹកជំនន់ និងបំណាក់ដីបានវាយលុក​ចំតំបន់ក្បែរ​ទីក្រុង ហ្សាយ៉ាភួរ៉ា (Jayapura) នៃខេត្ត Papua បន្ទាប់ពី​មាន​​ភ្លៀងយ៉ាងខ្លាំងក្លា​នៅទូទាំង​តំបន់​ជួរភ្នំ សាយក្លូបស៍ (Cyclops) ដែលបានបាត់បង់​ព្រៃឈើភាគច្រើន ដោយសារការ​កាប់យកទៅប្រើប្រាស់​​​​​របស់អ្នកភូមិ និងការយកដី​ទៅធ្វើស្រែចម្ការរបស់​ប្រជាកសិករ។ អាជ្ញាធរគ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី ក៏ធ្លាប់បាន​​ព្រមាន​​អាជ្ញាធរ​ខេត្ត​អំពីគ្រោះថ្នាក់​នៃ​ទឹកជំនន់ ដោយសារតែ​ការបាត់បង់​ព្រៃឈើផងដែរនាពេលកន្លងមក៕