(ម៉ូស្គូ)៖ ឧទ្ធម្ភាគចក្រប្រយុទ្ធ Mi-28NM របស់ប្រទេសរុស្ស៊ី ដែលត្រូវបានធ្វើទំនើបកម្មនឹងទទួលបានការបំពាក់គ្រាប់​​មីស៊ីលប្រដេញ​គោលដៅប្រភេទថ្មីដើម្បីបង្កើនសមត្ថភាពបន្ថែម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​​ល្ងាចថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។

យោងតាមប្រភពពីបុគ្គលក្នុងវិស័យឧស្សហកម្មផលិតយន្តហោះ​នៃប្រទេសរុស្ស៊ី គ្រាប់មីស៊ីលថ្មីដែលមានកូនឈ្មោះថា Article 305 កំពុងស្ថិតក្រោមការរចនាអភិវឌ្ឍន៍​សម្រាប់ឧទ្ធម្ភាគចក្រប្រយុទ្ធ Mi-28NM ហើយរយៈចម្ងាយនៃការបាញ់​​របស់មីស៊ីលប្រដេញ​នេះ​​នឹងលើសពី២៥គីឡូម៉ែត្រ។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា គ្រាប់មីស៊ីលថ្មីនេះនឹងអាចកម្ទេចរថពាសដែក និងសំណង់​បន្ទាយ​ដែល​​រឹង​មាំ​​បាន​យ៉ាងមានប្រសិទ្ធភាព ទាំង​នៅ​ពេលយប់និងនៅពេលថ្ងៃ។

គួរជម្រាបថា បច្ចុប្បន្ន រយៈចម្ងាយឆ្ងាយបំផុត​នៃមីស៊ីលប្រដេញ ដែលប្រើប្រាស់ដោយក្រុមឧទ្ធម្ភាគចក្រប្រយុទ្ធរុស្ស៊ី គឺមិនលើ​ស​ពី​​២៥គីឡូម៉ែត្រឡើយ។ រីឯឧទ្ធម្ភាគចក្រ Mi-28NM គឺជាស៊េរីដែលត្រូវបានធ្វើទំនើបកម្មនៃឧទ្ធម្ភាគចក្រប្រយុទ្ធ Mi-28N Night Hunter​ ដោយកិច្ចការនេះបានចាប់ផ្តើមតាំងតែពីឆ្នាំ២០០៩មកម្ល៉េះ។ ឧទ្ធម្ភាគចក្រប្រយុទ្ធ Mi-28NM​ នឹងត្រូវបំពាក់ប្រព័ន្ធ​រ៉ាដាថ្មី ប្រព័ន្ធប្រតិ​បត្តិការនិងប្រព័ន្ធមួយចំនួនទៀតដែលសុទ្ធតែថ្មី រួមជាមួយសព្វាវុធដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការវាយប្រហារឲ្យចំគោលដៅ៕​