(អ៉ីស្តង់ប៊ុល)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយផែនដីអឺរ៉ុបបានឲ្យដឹងថា រញ្ជួយ​ដី​មួយមាន​​កម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារ​ចំ​ភាគ​ខាង​លិច​ប្រទេស​តួក​គី ប៉ុន្តែភ្លាមៗបែបនេះ​មិនទាន់មាន​សេចក្តីរាយការណ៍ថា ហេតុការណ៍នេះ​បានបង្កឲ្យមានមនុស្ស​រងគ្រោះ ​ឬ​​ក៏ការបំផ្លិចបំផ្លាញ​នៅ​ឡើយទេ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀល​ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។

គួរជម្រាបថា យ៉ាងណាក៏ដោយ​ប្រសិនបើ​គ្រោះរញ្ជួយដី​ខាងលើ ដែល​បានកើតឡើង​​នៅក្នុងខេត្ត ឌែនីហ្ស៊ីលី (Denizili) ភាគខាងលិច​តួកគី​នាថ្ងៃពុធ​​នេះ និងមាន​ចំណុររញ័រ​​នៅក្បែរស្រុក អាស៊ីផាយ៉ាម (Acipayam) មានជម្រៅរាក់​ហើយចំកន្លែងមានមនុស្ស​រស់នៅច្រើន វានឹងបង្កបញ្ហាធំ​ជាក់ជា​​ពុំខាន។ ដោយឡែក​ទីភ្នាក់ងារតាមដាន​គ្រោះរញ្ជួយដីចិន ​ក៏ដូចជាតួកគីផ្ទាល់​បានរាយការណ៍ថា រញ្ជួយដីខាង​លើមានកម្រិត​ត្រឹម​​ ៥.៦-៥.៧រ៉ិចទ័រប៉ុណ្ណោះ៕