(ម៉ូស្គូ)៖ ទីភ្នាក់ងារ​អវកាសរុស្ស៊ី Roscosmos ត្រៀមខ្លួនរួចជា​ស្រេច ដើម្បីបន្តជួយ​សហរដ្ឋអាមេរិក ប្រសិនបើការធ្វើ​តេស្ត​យាន​​ថ្មី​​សម្រាប់ដឹកមនុស្ស​ឡើងទៅកាន់ទីអវកាស​របស់រដ្ឋាភិបាល​​ទីក្រុងវ៉ាស៊ីនតោន ត្រូវជួបការពន្យារពេល។ នេះបើតាម​ប្រធាន Roscosmos ដកស្រង់​សម្តីដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងសារបង្ហោះ​លើបណ្តាញ​សង្គម Twitter លោក ឌីមីទ្រី រ៉ូហ្គោហ្ស៊ីន (Dmitry Rogozin) ដែលប្រធានទីភ្នាក់ងារ​អវកាស Roscosmos បាន​និយាយ​ថា «យើងយល់ស្រប​ចំពោះសំណើរបស់​ទីភ្នាក់ងារអវកាស​អាមេរិក NASA ក្នុងការប្រើប្រាស់​ទាំងយានអវកាស​របស់រុស្ស៊ី និងរបស់​​​សហរដ្ឋអាមេរិក​ផ្ទាល់នាពេលអនាគត ដើម្បីនាំយក​ក្រុមអវកាសយានិក​ចម្រុះ ឡើងទៅកាន់ស្ថានីយ​អវកាស​អន្តរ​ជាតិ​ ISS»។

ថ្មីៗនេះមាន​សេចក្តីរាយការណ៍​ថា ទីភ្នាក់ងារអវកាស​អាមេរិក NASA កំពុងពិចារណា​លើលទ្ធភាព​ចុះកិច្ច​សន្យា​ជាមួយ Roscosmos ដើម្បីអាចបន្ត​ប្រើប្រាស់យាន​អវកាស Soyuz របស់រុស្ស៊ី ដឹកអវកាសយា​និក ០២នាក់ ឡើងទៅកាន់ស្ថានីយ ISS ក្នុងចន្លោះឆ្នាំ​នេះ ​​និង​ឆ្នាំ២០២០។ ជម្រើសនេះ​កំពុងស្ថិតក្រោម​ពិចារណា ដើម្បីទុកជាផែនការបម្រុង​ក្នុងករណីមាន​បញ្ហាណាមួយ​កើតឡើងក្នុង​ការ​​ធ្វើ​តេស្តយាន Dragon 2 របស់ SpaceX និងយាន Starliner របស់ Boeing ដែលសុទ្ធតែ​កំពុងអភិវឌ្ឍន៍​​យាន​ ដើម្បីដឹក​ជញ្ជូន​​​មនុស្ស​ឡើងទីអវកាស ​នៅក្រោមកិច្ចសន្យា​ជាមួយ​អង្គការ NASA។ យានទាំង ០២គ្រឿងនេះ​ ត្រូវគេរំពឹងថា នឹងធ្វើការសាកល្បង​ដឹកមនុស្ស​​នៅ​ក្នុងឆ្នាំ២០១៩ នេះតែម្តង។

គួរជម្រាបថា កាលពីថ្ងៃទី១៥​ ខែមីនា យានអវកាស​រុស្ស៊ី Soyuz MS-12 ​បាននាំយកអវកាស​យានិក​រុស្ស៊ី Alexei Ovchinin រួមទាំង​អវកាសយានិក​អាមេរិក Christina Koch និង Nick Hague ឡើងទៅកាន់ស្ថានីយ​អវកាសអន្តរជាតិ​ដោយជោគជ័យ។ ក្នុង​រយៈ​ពេល​​ជិត ១០ឆ្នាំមកនេះ សហរដ្ឋអាមេរិក​បានពឹងផ្អែកទាំងស្រុង​ទៅលើ​យាន Soyuz របស់​ប្រទេសរុស្ស៊ី ដើម្បីដឹកអវកាស​យានិក​របស់​ខ្លួន​ឆ្ពោះ​ទៅកាន់ ISS ​ចាប់តាំងតែពី​​កម្មវិធីយាន Space Shuttle របស់ NASA ត្រូវបានបិទបញ្ចប់​ទៅកាលពី​ឆ្នាំ២០១១៕