(វ៉ាស៊ីនតោន)៖ សមាជិកសភាអាមេរិកដែលល្បីឈ្មោះម្នាក់នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​បណ្តាញសង្គម Twitter និងអ្នកប្រើប្រាស់មួយចំនួន ជាមួយការទារ​សំណងសម្រាប់ជំងឺចិត្ត​សរុបដល់​​ទៅ​ជាង​​២៥០លានដុល្លារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។

​មន្រ្តីបក្សសាធារណរដ្ឋ លោក Devin Nunes ដែលជាតំណាងរាស្រ្តនៃរដ្ឋកាលីហ្វរញ៉ា និងជាប្រធាន​គណៈកម្មាធិការស៊ើបការណ៍​សម្ងាត់​នៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានលើកឡើងថា បណ្តាញសង្គម Twitter បានធ្វើការដាក់កំហិត​រាំងខ្ទប់ការ​បញ្ចេញ​សំឡេងរបស់ក្រុមអ្នកអភិរក្សនិយម ហើយ​បើកដៃឲ្យ​គណនីបែកចំអកឡកលើយមួយចំនួន ធ្វើការបរិហារកេរ្តិ៍​ក៏​ដូច​ជា​ប្រមាថមក​លើ​រូបលោក។

ក្នុងពាក្យបណ្តឹងរបស់លោក Nunes បាននិយាយថា Twitter តាមរយៈទង្វើរបស់បណ្តាញទំនាក់ទំនងសង្គមនេះ បាន​មាន​ចេតនា​ចង់​បង្កើត​និង​ធ្វើឲ្យរីកសាយភាយនូវ​ព័ត៌មានមិនពិតនិងការបរិហារកេរ្តិ៍​​អំពី​លោក Nunes ក្រោមគោលដៅជះឥទ្ធិពលលើ​លទ្ធផល​នៃការបោះឆ្នោតសភានៅអាមេរិកកាលពីឆ្នាំ២០១៨។ ការដាក់ពាក្យបណ្តឹងរបស់លោក Nunes ក៏បានទទួលការគាំទ្រពីសំណាក់​​ប្រធានាធិបតីលោក ដូណាល់ ត្រាំ ផងដែរ។

គួរជម្រាបថា បច្ចុប្បន្ន ភាពតានកាន់តែបន្តកើនឡើងរវាង​បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក និង​អ្នកនយោបាយអភិរក្ស​និយមមួយចំនួន ដែលបានចោទក្រុមហ៊ុនទាំងនេះថា មានភាពលំអៀងប្រឆាំងនឹងពួកគេក៏ដូចជាប្រឆាំងអ្នកបោះឆ្នោត ដែលគាំទ្រ​​អ្នកនយោបាយទាំងនោះ៕