(វែលីងតោន)៖ នាយករដ្ឋមន្រ្តី​នូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) បានបង្ហាញពី​ការប្តេជ្ញាចិត្ត​ថា ​លោកនឹងធ្វើអ្វីៗគ្រប់យ៉ាង​ដើម្បី​រារាំងមិន​ឲ្យ​ខ្មាន់កាំភ្លើង​​ដែលធ្វើការបាញ់ប្រហារ​នៅទីក្រុង ក្រៃស៍ឆឺច (Christchurch) ទទួលបាន​ភាពល្បីឈ្មោះ ឬក៏ការចាប់​អារម្មណ៍ដែល​ជនរូប​នោះ​ស្រេកឃ្លាន​ចង់បាន តាមរយៈការ​ធ្វើទង្វើភេរវកម្ម​ដ៏ឃោរឃៅបំផុត​​ នៅក្នុង​ប្រវត្តិសាស្ត្រ​នៃប្រទេស​ដែលធ្លាប់តែ​ស្ងប់សុខ​ជាងគេនេះ​​។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។

លោកស្រី​នាយករដ្ឋមន្រ្តី​នូវែលសេឡង់បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំយល់ថាពួកយើងគួរតែ​ធ្វើការរារាំង​​កុំឲ្យ​បុគ្គល​ម្នាក់នេះ (ខ្មាន់កាំ​ភ្លើង) ទទួលបានភាព​ល្បីឈ្មោះ​តាមរយៈការធ្វើអំពើ​អាក្រក់ ដែលគេចង់​បានឲ្យសោះ។ ជាក់ស្តែង​ជនរូបនោះ​មានហេតុផល​​ជា​យ៉ាងច្រើន សម្រាប់ការ​ប្រព្រឹត្តអំពើភេរវកម្ម​យ៉ាងឃោរឃៅ​បែបនេះ ដោយក្នុងនោះ​គឺរួមមានការចង់​បានមុខមាត់ ​ពោល​គឺ​ចង់​ល្បី។ ប៉ុន្តែវា​គឺជាអ្វីដែលពួកយើង​អាចរារាំងបាន សម្រាប់ខ្ញុំ... ខ្ញុំសូមធានាថា អ្នកទាំងអស់គ្នា​នឹងមិនលឺខ្ញុំ និយាយ​ពីឈ្មោះរបស់បុគ្គល​ម្នាក់​នេះ​ទៀតឡើយ»

លោកស្រី Ardern ក៏បានជំរុញ​ឲ្យ​មហាជនទាំងអស់​ដើរតាមជំហានលោកស្រី​ផងដែរ ហើយ​ទុកឲ្យឈ្មោះ​របស់ខ្មាន់កាំភ្លើង​ម្នាក់នេះ​​​ លិច​កប់បាត់លែង​មានអ្នកណា​ស្គាល់ទៀត។ លោកស្រី​បានលើកឡើងទៀតថា «ខ្ញុំសូមអំពាវនាវ​ដល់អ្នកទាំង​អស់គ្នា៖ ចូលនិយាយតែ​​ពីឈ្មោះជន​បាត់បង់ជីវិត​បានហើយ ជាជាងរំលឹក​ពីឈ្មោះរបស់អ្នក​ដែលបានឆក់យកជីវិត​របស់ពួកគេ។ ជននេះ​ប្រហែលជាបាន​ព្យាយាម​ចង់​បានភាពល្បីល្បាញ​ តាមរយៈការ​ធ្វើអំពើ​អាក្រក់ ប៉ុន្តែយើង​ទាំងអស់គ្នានៅក្នុង​ប្រទេស​នូវែលសេឡង់ នឹងមិនផ្តល់​ឲ្យ​ជននេះជា​ដាច់ខាត គឺសូម្បីតែ​ឈ្មោះ»។

ជាមួយគ្នានេះ លោកស្រី Ardern ក៏បាន​និយាយ​ពាក់ព័ន្ធ​នឹងឃ្លីបវីដេអូ Livestream របស់ជនដៃដល់​ដែលបានថតយក សកម្មភាព​បាញ់សម្លាប់មនុស្សរបស់គេថែម​ទៀតផង ដោយលោក​ស្រីបាន​ឲ្យដឹងថា អាជ្ញាធរនូវែលសេឡង់បានធ្វើការទាក់ទង​​ជាមួយ​ក្រុម​ហ៊ុន​​បណ្តាញ​​សង្គម Facebook ជុំវិញការលុបវីដេអូនេះ​ចោល ព្រោះទោះ​បីជា Facebook បានលុប​ចោលប្រមាណ ១.៥លានឃ្លីប​ក៏ដោយ ក៏វីដេអូនៃសកម្មភាព​ដ៏អាក្រក់នេះមួយចំនួន នៅតែមាន​វត្តមានដដែល។

គួរជម្រាបថា កាលពីសប្តាហ៍​មុនករណីបាញ់ប្រហារ​ដ៏សាហាវមួយ បានធ្វើឲ្យកក្រើក​ប្រទេស​នូវែលសេឡង់ នៅពេល​ជនសង្ស័យ​​ជាខ្មាន់កាំភ្លើងឈ្មោះ ប្រេនតុន តារ៉ានត៍ (Brenton Harrison Tarant) អាយុ ២៨ឆ្នាំ ជាជនជាតិ​អូស្រ្តាលី​បានធ្វើសកម្មភាព​បាញ់រះ ​ដោយឥតញញើត​ដៃ​​​​ទៅលើ​សាសនិក​មូស្លីម ដែលប្រមូលផ្តុំបន់ស្រន់​ក្នុងថ្ងៃថ្វាយ​បង្គំ នៅឯព្រះវិហារ​ចំនួនពីរ​គឺ អាល់ន៍រ និង លីនវូដ (AI Noor និង Linwood)។

ហេតុការណ៍​នេះ បានបណ្តាល​ឲ្យមនុស្ស ៥០នាក់ស្លាប់ និងជាច្រើននាក់​រងរបួស ហើយភ្លាមៗ​លោកស្រី Ardern បានហៅ​ទង្វើនេះថា ជាទង្វើ​​ភេរវកម្ម។ ក្រោយផ្ទុះ​ករណីនេះ​លោកស្រី Ardern បានបញ្ជាក់ថា ​ច្បាប់គ្រប់គ្រង់​កាំភ្លើងនៅនូវែលសេឡង់ នឹងត្រូវធ្វើ​កំណែ​ទម្រង់​​ក្នុងពេល​ឆាប់ៗខាងមុខ (០៩ថ្ងៃទៀត)៕