(ម៉ានីល)៖ ប្រទេសហ្វីលីពីន​បានដកខ្លួនចេញពីតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ជាផ្លូវការហើយ​កាលពី​ថ្ងៃអាទិត្យ ពោលគឺ​មួយឆ្នាំបន្ទាប់​ពីបានប្រាប់អង្គការ​សហប្រជាជាតិថា ខ្លួននឹងដកសមាជិកភាព​ចេញពីតុលាការអន្តរជាតិ​ដ៏ធំមួយ​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។

ហ្វីលីពីន​បានក្លាយជាប្រទេសទី ២ ដែលបានដកខ្លួនចេញពី ICC ក្រោយពី​ប្រទេសប៊ូរុនឌី​បានដកខ្លួនពីតុលាការ​អន្តរជាតិ ដែលមានតួនាទីដោះស្រាយរកយុត្តិធម៌ ចំពោះបណ្តឹង​ពាក់ព័ន្ធបទ​​ឧក្រិដ្ឋកម្ម​ដ៏ធំ​មួយនេះ​​ កាលពី​ឆ្នាំ២០១៧។ លើសពី​នេះទៅទៀត ការដកខ្លួន​របស់ហ្វីលីពីន ត្រូវបាន​ធ្វើឡើងជាការឆ្លើយតប​ទៅនឹង ICC សម្រាប់ការ​បើកការស៊ើប​អង្កេតបឋមមួយកាលពីឆ្នំា២០១៨ លើឧក្រិដ្ឋកម្មមនុស្សជាតិ​ប្រឆាំងសង្រ្គាម​គ្រឿងញៀន​របស់ប្រធានាធិបតី​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលគេចោទបានផ្ដាច់​ជីវិតមនុស្ស​ច្រើន​ជាង ៥,០០០នាក់។ ប៉ុន្តែទីក្រុងម៉ានីលបានទាត់ចោលរាល់ការចោទ ប្រកាន់ ហើយប្រកាសថានឹងដកខ្លួនចេញពី ICC។

គួរបញ្ជាក់ថា តុលាការ​អន្តរជាតិ ICC ចាប់ផ្ដើមដំណើរការ​នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០២ និងមានមូលដ្ឋាន​ក្នុងទីក្រុងឡាអេ ប្រទេស​ហូឡង់។ តុលារការ​មួយនេះទទួលខុសត្រូវលើបទ​ឧក្រិដ្ឋកម្មធំៗ ដូចជាអំពើប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំង​នឹងមនុស្ស​ជាតិ និងបទឧក្រិដ្ឋ​កម្មសង្រ្គាម​ជាដើម។ ក្រោយការ​ដកខ្លួនចេញជាផ្លូវការរបស់​ហ្វីលីពីន តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅសល់​​សមាជិកសរុប ១២៣​ប្រទេស៕