(ញូដេលី)៖ អាជ្ញាធរឥណ្ឌា​​បានឲ្យដឹងថា មនុស្សពីរនាក់​ត្រូវ​បានរថភ្លើងបុក និង​កិនស្លាប់ នៅស្រុក​​ហ៊ីងហ្គោលី (Hingoli) ក្នុងរដ្ឋ​មហារ៉ាស្ត្រា (Maharashtra) ​នៅពេលកំពុង​តែជក់លេង​ហ្គេម​អនឡាញលើ​ទូរស័ព្ទ PUBG។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នា​រសៀល​ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។

បើតាមការបញ្ជាក់​ពីប៉ូលិស​ឥណ្ឌូណេស៊ី ហេតុការណ៍​ខាងលើបានកើតឡើង​កាលពីវេលា​ល្ងាចថ្ងៃអាទិត្យ នៅពេល​មនុស្ស​ពីរ​នាក់ជាមិត្តនឹងគ្នាឈ្មោះ ណាហ្គៃស ហ្គោរ៉េ (Nagesh Gore) អាយុ ២៤ឆ្នាំ និងឈ្មោះ ស្វាពនីល អាណាភួណេ (Swapnil Annapurne) អាយុ ២២ឆ្នាំ កំពុងតែ​បាញ់​ហ្គេម PUBG ​នៅក្បែរ​ផ្លូវ​​រថភ្លើង ហើយសាកសពរបស់អ្នក​ទាំងពីរ​ត្រូវបានមនុស្សម្នា​ដែល​រស់នៅ​ក្បែរនោះ ប្រទះឃើញនា​វេលាយប់ថ្ងៃ​ដដែល ដែល​អាច​ជាការលេង​​រហូតភ្លេចខ្លួន​​​ហើយចុះទៅលើផ្លូវដែក រួចក៏ត្រូវបានរថភ្លើងកិនស្លាប់តែម្តង។

គួរជម្រាបថា ហ្គេម PUBG ដែលមាន​ឈ្មោះពេញថា Player Unknown's Battleground គឺជាហ្គេមអនឡាញ​​​ដ៏​​ល្បី​ដែល​ប្រភព​ដើម​ចេញ​ពីប្រទេសកូរ៉េខាងត្បូង ហើយត្រូវបាន​ក្រុមអ្នកជំនាញ​អះអាងថា ធ្វើឲ្យអ្នកលេងញៀន​នឹងវាខ្លាំងបំផុត ខណៈនៅ​តាមតំបន់​មួយ​ចំនួននៃប្រទេស​ឥណ្ឌា ក៏មានការ​ចេញបម្រាមមិនឲ្យលេងហ្គេម​នេះផងដែរ ដោយសារតែវា​ធ្វើឲ្យ​​មនុស្ស​ជាពិសេស​ក្មេងៗ​​តែម្តង​ញៀនអត់មិនបាន និងជះឥទ្ធិពលអវិជ្ជមាន​ច្រើនក្នុងសង្គម​យុវវ័យ៕