(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​និយាយរិះគន់​​នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន​ផលិត​រថយន្ត​​​​អាមេរិក General Motors ជុំវិញការ​សម្រេចចិត្ត​បិទ​រោងចក្រ​​មួយចំនួន​នៅសហរដ្ឋអាមេរិក និងនៅកាណាដា ដែល​បានបង្ខំឲ្យ​មនុស្ស​រាប់ពាន់នាក់​បាត់បង់​ការងារ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។

យោងតាម​សារបង្ហោះនៅលើ​បណ្តាញសង្គម Twitter លោក ដូណាល់ ត្រាំ បានឲ្យ​ដឹងថា លោកបាន​ជជែកជាមួយ CEO របស់ General Motors លោកស្រី ម៉ារី បារ៉ា (Mary Barra) អំពីការបិទរោងចក្រ​នៅតំបន់ ឡដស៍ថោន (Lordstown) នៃរដ្ឋអូហៃយ៉ូ (Ohio) ហើយលោក​មិនសប្បាយ​ចិត្ត​​នោះឡើយ ចំពោះការដែល​រោងចក្ររបស់ក្រុមហ៊ុននេះ​ត្រូវបិទទ្វារ នៅពេល​ដែលអ្វីៗ​ផ្សេងទៀត​នៅក្នុងសហរដ្ឋអាមេរិក​​​កំពុង​តែមាន​ភាពប្រសើរឡើង។ នាឱកាសនោះ លោក ត្រាំ ក៏បានស្នើឲ្យ​លោកស្រី Barra លក់វា​ ឬក៏​ធ្វើអ្វីម៉្យាងឲ្យបានឆាប់​ផងដែរ ក៏ប៉ុន្តែ​លោកស្រីបាន​ទម្លាក់កំហុសបន្តទៅ​លើ​សហជីព​​ពលករ​ UAW Union។

ការបង្ហោះសារ​ខាងលើគឺជាលើកទីបី​ហើយ ដែលលោក​ប្រធានាធិបតី​អាមេរិក បានបញ្ចេញ​ការមិនពេញចិត្តរបស់​លោក ​ក្នុង​អំឡុង​ពេលប៉ុន្មាន​ថ្ងៃកន្លងទៅនេះ ជុំវិញការ​សម្រេចចិត្ត​​របស់​ក្រុមហ៊ុន General Motors ក្នុងការបិទរោងចក្រ​មួយចំនួននៅក្នុង​ទឹកដីសហរដ្ឋអាមេរិក​ក៏ដូចជាកាណាដា ដែលផ្តល់​ការងារឲ្យបុគ្គលិកប្រមាណ ១៥,០០០នាក់។

គួរជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមហ៊ុន General Motors ​បានប្រកាសពី​គម្រោងកាត់បន្ថយការងារ ១៥,០០០កន្លែង រួមទាំងគម្រោង​បិទរោងចក្រ​ដំឡើងរថយន្ត​នៅតំបន់ Lordstown ក៏ដូចជា​នៅរដ្ឋ មីឈីហ្គែន (Michigan) និងនៅខេត្ត អនតារីយ៉ូ (Ontario) របស់កាណាដា​​ ហើយក្រុមហ៊ុន​ក៏បាន​ប្រកាស​ផងដែរថា ខ្លួននឹងបិទរោងចក្រ​ផលិត​គ្រឿសបន្លាស់ ​មួយ​ចំនួនថែមទៀត​នៅ​ Michigan និង​នៅរដ្ឋ​ ម៉ារីឡេនដ៍ (Maryland)។​ រីឯលោក ត្រាំ វិញ ធ្លាប់បាន​​សន្យាថា ការនាំយក​ក្រុមហ៊ុន​អាមេរិកឲ្យប្រកបអាជីវកម្ម​នៅក្រៅស្រុក ឲ្យមកចូលក្នុង​​ប្រទេសវិញ ហើយបង្កើត​ការងារយ៉ាងច្រើនសន្ធឹកសន្ធាប់​សម្រាប់ពលរដ្ឋអាមេរិក គឺជាសសរស្តម្ភមួយ​ នៃគោលនយោបាយ​​​សេដ្ឋកិច្ចរបស់​លោក៕