(នូវែលសេឡង់)៖ មេធាវីការពារក្ដី​ឱ្យជន​សង្ស័យភេរវករ​ឈ្មោះ ប្រេនតុន តារ៉ានត៍ (Brenton Tarrant) នៅក្នុងសវនាកាលពី​ថ្ងៃសៅរ៍កន្លង​ទៅគឺ​លោក រីយ៉ាដ ភីធើស៍ (Richard Peters) បានអះអាងថា លោកនឹង​លែង​ការពារក្ដី ឬក៏ធ្វើសកម្មភាព​ណាមួយសម្រាប់កូនក្ដី​របស់ខ្លួនទៀត​​នោះ​ទេ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។

ថ្លែងប្រាប់​សារព័ត៌មាន Herald លោក Peters បានបញ្ជាក់ថា ខ្មាន់កាំភ្លើងឈ្មោះ Tarrant មានបញ្ញា​ស្មារតីគ្រប់គ្រាន់ ដឹងហេតុដឹងផល និងមិនមានបញ្ហាផ្លូវចិត្ត​ណាមួយ​នោះទេ។ មេធាវីរូបនេះ​បន្ថែមទៀតថា ជនសង្ស័យភេរវករ​រូបនេះអាចនឹងប្រើប្រាស់​សវនាការ នៅលើក្រោយ​ការពារការយល់​ឃើញរបស់ខ្លួនឯង ហើយរូបគេក៏​មិនបានបង្ហាញការ​សោកស្ដាយ ឬរំលែកមរណទុក្ខ​ដល់ជនរង​គ្រោះដែរ។

គួរបញ្ជាក់ថា ការបាញ់ប្រហារ​នៅវិហារ អាល់ន័រ (Al Noor) និង លីនវូដ (Linwood) ក្នុងទីក្រុង ក្រៃស៍ឆឺច (Christchurch) បានសម្លាប់​មនុស្ស ៥០នាក់ និងជាច្រើន​នាក់រងរបួស ហើយនាយករដ្ឋមន្ត្រី​នូវែលសេឡង់បានចាត់​ទុកថា វាគឺជាអំពើភេរវកម្ម។​ ចំណែកឯ ជនសង្ស័យ​ឈ្មោះ Brenton Tarrant អាយុ ២៨ឆ្នាំ ត្រូវចោទប្រកាន់​ពីបទឃាតកម្ម ក៏ដូចជាត្រូវបង្ហាញខ្លួនក្នុងសវនាការ​ជាថ្មី នៅក្នុងតុលាការជាន់​ខ្ពស់នៃទីក្រុង Christchurch នៅថ្ងៃទី០៥ ខែមេសា​ខាងមុខ៕