(ប៉ាគីស្ថាន)៖ កងទ័ពអាកាស​ប៉ាគីស្ថានបាន​ធ្វើតេស្ដបាញ់​សាកល្បង ប្រកប​ដោយជោគជ័យ​ នូវមីស៊ីលឆ្លាតវៃ​ផលិតនៅក្នុង​ស្រុកស៊េរី​ថ្មីបំផុតមួយ ខណៈភាពតានតឹងជា​មួយ​ឥណ្ឌា នៅមិនទាន់ធូរស្រាលខ្លាំងនៅឡើយ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដី​ថ្លែងការណ៍មួយ ចេញផ្សាយ​នៅថ្ងៃអង្គារ​សប្ដាហ៍នេះ កងទ័ពអាកាស​ប៉ាគីស្ថានបានបញ្ជាក់​ទៀតថា មីស៊ីល​ឆ្លាតវៃ​ខាងលើត្រូវ​បានបំពាក់លើយន្ដហោះ​ចម្បាំង JF-17 Thunder ដែលផលិត​ឡើងរួមគ្នាដោយចិន និងប៉ាគីស្ថាន។ មិនតែ​ប៉ុណ្ណោះ​នៅក្នុង​វីដេអូដាច់ឡែក​មួយក៏បានបង្ហាញ​ផងដែរថា យន្ដហោះ​ចម្បាំង JF-17 បានបាញ់មីស៊ីល​ប្រភេទនេះ​ចំគោលដៅយ៉ាងល្អ​ឥត​ខ្ចោះ។

គួរបញ្ជាក់ថា ការធ្វើតេស្ដអាវុធ​ស៊េរីថ្មីនេះ ត្រូវបានធ្វើ​ឡើងក្រោមការត្រួតពិនិត្យ​ដោយផ្ទាល់ ​ពីសំណាក់ប្រមុខកងទ័ពអាកាស​ប៉ាគីស្ថាន​លោក មូចាហ៊ីដ អាន់វ៉ា ខាន់ (Mujahid Anwar Khan) ដែលបាន​ផ្ញើសារដោយប្រយោល​ទៅកាន់ឥណ្ឌាថា​ បាគីស្ថានគឺជាប្រទេស​ស្រឡាញ់​សន្តិភាព ប៉ុន្តែបើសិន​ជាមានសត្រូវ​ឈ្លានពាន នោះទីក្រុងអ៊ីស្លាម៉ាបាដ​នឹងចាត់វិធានការ​ឆ្លើយតបវិញ យ៉ាង​ម៉ឺងម៉ាត់​ជាទីបំផុត៕