(ហាណូយ)៖ រដ្ឋមន្ត្រីការបរទេសវៀតណាម​លោក ផាម ប៊ិញមិញ (Pham Binh Minh) បានពិភាក្សា​តាមទូរស័ព្ទជាមួយ​សមភាគី​ម៉ាឡេស៊ី​ ដោយ​ស្នើសុំឱ្យទីក្រុងគូឡាឡំា​ពួរ​ ដោះលែងស្ត្រី​ជាជនជាតិ​វៀតណាម​ម្នាក់ ដែលត្រូវបាន​ចោទប្រកាន់ពីបទ​សម្លាប់បង​ប្រុស​ម្ដាយទីទៃ នៃមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណំា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ីនហួរ នៅ​រសៀលថ្ងៃពុធ ទី១៣​ ខែមីនា ឆ្នាំ២០១៩។

យោងតាម​សារព័ត៌មាន Vietnam News នៅអំឡុងកិច្ចសន្ទនា​តាមទូរស័ព្ទ​ជាមួយរដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក សៃហ្វូដឌីន អាប់ឌុលឡាហ៍ (Saifuddin Abdullah) នៅថ្ងៃអង្គារសប្ដាហ៍នេះ​លោក Pham Binh Minh បានបញ្ជាក់ថា ថ្នាក់ដឹកនាំ​កំពូល និងប្រជាជន​វៀតណាម​កំពុង​ទន្ទឹម រង់ចាំ​ការវិវត្តប្រកបដោយ​ភាពវិជ្ជមាន ក្នុងសំណុំរឿង​ឃាតកម្ម​លោក គីម ជុងណាំ ហើយថែម​ទាំងបានស្នើសុំភាគីតុលាការ​ម៉ាឡេស៊ី ធានានូវសវនា​ការក្ដីដោយ​យុត្តិធម៌ និងដោះលែង​ស្ត្រីជាជនជាតិវៀតណាម​ឈ្មោះ ដ័ន ធីហ័ង (Doan Thi Huong) ឱ្យមាន​សេរីភាព​ឡើងវិញ។

គួរបញ្ជាក់ថា នាង Doan Thi Huong មានអាយុ ៣០ឆ្នាំ ត្រូវបានចោទ​ប្រកាន់ពីបទ​សម្លាប់​លោក គីម ជុងណាំ ដោយ​ប្រើប្រាស់​សារធាតុគីមី​ពុល VX នៅឯអាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​គូឡាឡាំពួរ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ ចំណែកឯ​ការស្នើរបស់លោក​រដ្ឋមន្រ្តីការបរទេស​វៀតណាម ធ្វើឡើងបន្ទាប់​ពីជនជាប់ជាស្ត្រី​ឥណ្ឌូណេស៊ី នាង ស៊ីទី អៃស៊ីយ៉ាហ៍ (Siti Aisyah) ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាពក្រោយ​ជាប់ឃុំអស់ ០២ឆ្នាំ។

ជនជាប់ចោទទាំង ០២នាក់ ធ្លាប់បានបដិសេធ​រាល់ការចោទប្រកាន់ជា​មួយការអះអាងថា ពួកគេត្រូវ បោកបញ្ឆោតថា ការសម្លាប់លោក គីម ជុងណាំ គ្រាន់តែជាឈុតឆាក​សម្ដែងខ្សែភាពយន្ដ​ប៉ុណ្ណោះ ខណៈកូរ៉េខាងជើង​វិញ​​ក៏បាន​​បដិសេធ​ការជាប់ពាក់ព័ន្ធ​នៅក្នុងរឿង​នេះផងដែរ៕