(ហាណូយ)៖ អាជ្ញាធរអាកាសចរណ៍​ស៊ីវិល​របស់ប្រទេស​វៀតណាម បានដាក់ចេញ​​នូវ​បម្រាមថ្មីមួយ នោះគឺ​រាល់បណ្តា​អាកាសចរណ៍បរទេស​ណាក៏ដោយ មិន​អាច​ប្រើប្រាស់​យន្តហោះ​​ប្រភេទ Boeing 737 MAX 8 ហោះចូល​ក្នុងដែនអាកាសរបស់​វៀតណាម​ទៀតនោះឡើយ បន្ទាប់ពីករណីធ្លាក់​កាលពីថ្ងៃអាទិត្យ​សប្តាហ៍មុន​នៅអេត្យូពី ដែលបាន​សម្លាប់ជីវិត​មនុស្ស ១៥៧នាក់ និងកាលពីជាង​៥ខែមុន​នៅឥណ្ឌូណេស៊ីដែលបាន​ផ្តាច់ជីវិត​មនុស្ស ១៨៩នាក់។ នេះបើតាម​ការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នារសៀល​ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងគេហទំព័រផ្លូវការ​​របស់អាជ្ញាធរអាកាសចរណ៍​ស៊ីវិលវៀតណាម បានបង្ហោះ​ព័ត៌មាន​ជាផ្លូវការមួយ​យ៉ាងដូច្នេះថា «យោងតាមការពិនិត្យ និងតាមដាន​រាល់ព័ត៌មាន​នានា ពាក់ព័ន្ធទៅនឹង​ប្រតិបត្តិការនៃ​យន្តហោះ​ប្រភេទ Boeing 737 MAX និង​ដើម្បី​​ធានាអំពី​សុវត្ថិភាពនៃ​ចរាចរណ៍​ដែនអាកាស អាជ្ញាធរវៀតណាម​បានសម្រេច​ផ្អាក​ជាបណ្តោះអាសន្ន​នូវជើង​ហោះហើរ Boeing 737 MAX ដែលត្រូវបាន​ផ្តល់​​អាជ្ញាបណ្ណរួច និង​​មិន​ផ្តល់​អាជ្ញាបណ្ណថ្មី​ទៀតឡើយ ដល់បណ្តាអាកាសចរណ៍នានា ​ដែលកំពុងប្រើប្រាស់​យន្តហោះ Boeing 737 MAX ចូលមក​ក្នុងដែនអាកាស នៃប្រទេស​វៀតណាម»។

សេចក្តីសម្រេច​​ខាងលើនេះ ត្រូវបានដាក់ឲ្យអនុវត្តន៍​ចាប់ពីវេលាម៉ោង ១០៖០០នាទីព្រឹក​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នេះតទៅតែម្តង​រហូតដល់​សេចក្តី​សម្រេចថ្មីមួយ​ទៀតត្រូវបាន​ធ្វើឡើង។ វាបានកើត​មាន​​ឡើងតែ​​ប៉ុន្មានម៉ោង​​ប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារ​សុវត្ថិភាព​អាកាសចរណ៍​អឺរ៉ុប បាន​បញ្ជាឲ្យ​អាកាសចរណ៍​របស់ខ្លួន​ទាំងអស់​ផ្អាកដំណើរការ​យន្តហោះ​ប្រភេទ Boeing 737 MAX នៅក្នុង​តំបន់អឺរ៉ុបទាំងមូល ដោយក្នុងនោះ​​រួមមាន​ម៉ូដែល Boeing 737 MAX 8 និង 737 MAX 9។

គួរបញ្ជាក់ថា គ្មានអាកាសចរណ៍​ក្នុងស្រុកវៀតណាម​ណាមួយ មាន​យន្តហោះ​ប្រភេទ Boeing 737 MAX នោះឡើយ ប៉ុន្តែអាកាសចរណ៍​មកពីប្រទេស​ថៃ កូរ៉េខាងត្បូង និងម៉ាឡេស៊ី​សរុបចំនួនបី តែងតែ​ធ្វើ​ប្រតិបត្តិការ​​យន្តហោះប្រភេទខាង​លើនេះ មកកាន់​ប្រទេស​វៀតណាម។ ទោះបីជា​បែបនេះក្តី អាកាសចរណ៍​ទាំងបីប្រទេស​ខាងលើនេះ​ក៏បានប្រកាស​ផ្អាកធ្វើប្រតិបត្តិការ​យន្តហោះ Boeing 737 MAX ដែលពួកគេ​មានរួច​ទៅហើយ​ផងដែរ ក្រោយពីការកើត​មានករណីធ្លាក់​នៅអេត្យូពី និងផ្តាច់ជីវិតមនុស្ស ១៥៧នាក់៕