(ម៉ូស្គូ)៖ ខណៈវត្តមានរបស់​បណ្ដាប្រទេសដទៃ​ កំពុងកើនឡើងនៅឯ​ទីប្រជុំកោះ ស្វាលបាដ (Svalbard) នៃតំបន់សមុទ្រទឹកកកអាក់ទិច (Arctic​) អាជ្ញាធរ​ន័រវេស​បាននិង​កំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបង្កើន​សកម្មភា​ពវិទ្យាសាស្ត្ររបស់ខ្លួន នៅលើទីប្រជុំកោះនេះ ខណៈប្រទេសចិនវិញក៏ដូចគ្នា​ផងដែរ។ នេះបើតាមការផ្សាយរបស់ ក្លាសេកាំភែន (Klassekampen) ដកស្រង់​ការចេញផ្សាយ​​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។

យោងតាម​សារព័ត៌មាន​ន័រវេស Klassekampen អាជ្ញាធរន័រវេស​ចង់ឱ្យការសិក្សាស្រាវជ្រាវ​ ត្រូវបានកំណត់​ត្រឹមតែ​វិទ្យាសាស្ត្រ​ធម្មជាតិ​ប៉ុណ្ណោះ ហើយការចុះផ្សាយការស្រាវជ្រាវ​គួរតែធ្វើឡើង​ជា​ភាសាអង់គ្លេស។ ម្យ៉ាងវិញទៀត ន័រវេសនឹងមិន​ទទួលស្គាល់​ស្ថានីយបរទេសណាមួយឡើយ បើសិនមិនប្រើឈ្មោះ​ជាភាសា​ន័រវេស។ ប៉ុន្តែ​សំណើទាំងនេះ បានធ្វើឱ្យចិន​មានការមិនពេញ​ចិត្តជាខ្លាំង ខណៈ​ទីក្រុងប៉េកាំង​កំពុងដំណើរការ​គម្រោងជាង ៨០ ពាក់ព័ន្ធនឹង​ជីវសាស្ត្រ និង​ការសិក្សា​សង្គម​ជាដើម​ នៅលើទីប្រជុំកោះ Svalbard។

បន្ថែមពីលើនេះវិទ្យាស្ថានវិទ្យាសាស្ត្រស្រាវជ្រាវតំបន់ប៉ូលរបស់ចិន Chinese Polar Instutue ក៏បានបញ្ជាក់ថា ស្ថានីយទន្លេលឿង (Yellow River) មិនចង់ផ្លាស់ប្ដូរឈ្មោះ​របស់ខ្លួនឡើយ ហើយថា​ពួកគេនឹងរក្សាសិទ្ធិ​ក្នុងការស្រាវជ្រាវ​ ដោយផ្អែកលើ​ច្បាប់​អន្តរជាតិ។

គួរបញ្ជាក់ថា បច្ចុប្បន្ន​ទីប្រជុំកោះ Svalbard គឺជាទីជម្រក​សម្រាប់អ្នកស្រាវជា្រវ​ជាង ១,០០០នាក់​មកពីជាង ២០០ស្ថាប័ន​នៃប្រទេស ចំនួន ៣០ នៅលើសកលលោក។ តំបន់​ប៉ូលខាងជើង ក៏មិនសូវខុសពី​ប៉ូលខាងត្បូង​នោះដែរ គឺ​ស្ថិតនៅក្រោម​​ការគាំពារពី​ច្បាប់អន្តរជាតិ ដែលប្រទេស​មាន​សមត្ថភាពនានា អាច​ស្នើសុំ​ធ្វើការស្រាវជ្រាវបាន៕