​(វ៉ាស៊ីនតោន)៖ របាយការណ៍​មួយរបស់ក្រុមអ្នកជំនាញ​អង្គការសហប្រជាជាតិ បានឱ្យដឹងថា កូរ៉េខាងជើងនៅតែ​ធ្វើសកម្មភាពរំលោភ លើទណ្ឌកម្ម​អន្តរជាតិ តាមរយៈការបង្កើនការ​នាំចូលប្រេង និងនាំចេញធ្យូងថ្ម​ណីក្រៅប្រទេសដដែល។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងរបាយការណ៍​កម្រាស់ជាង ៤០០ទំព័រ ចេញផ្សាយនៅ​ថ្ងៃចន្ទសប្ដាហ៍​នេះ ក្រុមអ្នកជំនាញ​អង្គការ​សហប្រជាជាតិ​បានអះអាង​ទៀតថា ទីក្រុងព្យុងយ៉ាង ក៏កំពុងព្យាយាម​លក់អាវុធទៅកាន់​តំបន់មជ្ឈិមបូព៌ា និងវាយប្រហារ​ព័ត៌មានវិទ្យា និង Hack យកលុយពី​ធនាគារជា​ច្រើននៅលើ​ពិភពលោក។

គួរបញ្ជាក់ថា ការចេញផ្សាយ​របាយការណ៍ខាងលើ ធ្វើឡើង​បន្ទាប់ពីកិច្ច​ប្រជុំកំពូលរវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងទីក្រុង​ហាណូយ ប្រទេស​វៀតណាម​កាលពីខែកុម្ភៈកន្លងទៅ បរាជ័យដោយគ្មាន​កិច្ចព្រមព្រៀងអ្វី​ទាំងអស់។ លើសពី​នេះទៅទៀត ក្រោយកិច្ចប្រជុំនេះ​បរាជ័យ ទីក្រុងព្យុងយ៉ាងក៏ត្រូវបាន​គេរាយការណ៍​ផងដែរថា បាន ធ្វើសកម្មភាព​ពាក់ព័ន្ធនឹងមីស៊ីល​ឡើងវិញ ដែលធ្វើឱ្យគេ​ព្រួយបារម្ភថា របបដឹកនាំកុម្មុយនីស្ដ​ដ៏ឯកោមួយនេះកំពុងត្រៀម​ខ្លួនធ្វើតេស្ដ មីស៊ីល ឬអាវុធនុយក្លេអ៊ែរ​ជាថ្មីទៀត៕