(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រសួង​ការពារជាតិ​អាមេរិក បានឱ្យដឹង​នៅក្នុងសប្ដាហ៍នេះ​ថា ខ្លួននឹងចាប់ផ្ដើម​ផលិតគ្រឿងបន្លាស់​សម្រាប់​ការធ្វើ តេស្ដប្រព័ន្ធ​មីស៊ីលបាញ់​ចេញពីដី ដែលដំបូងឡើយ​ស្ថិតក្រោមបម្រាម​ នៃសន្ធិសញ្ញាអាវុធ​នុយក្លេអ៊ែរ (INF) រវាងរុស្ស៊ី និង​សហរដ្ឋអាមេរិក៕

២៖ ប្រធានសភា​អាមេរិកនៃគណបក្ស​ប្រជាធិបតេយ្យ លោកស្រី ណេនស៊ី ប៉េឡូស៊ី (Nancy Pelosi) បាននិយាយថា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ មិនចាំបាច់​ដេកភ័យខ្លាចគេទម្លាក់ចេញពីតំណែងនោះទេ ព្រោះលោកមិនមានតម្លៃអ្វី​ដែលតម្រូវឱ្យគេធ្វើដូច្នេះ​ឡើយ៕

៣៖ ​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) បានឲ្យដឹងនា​ថ្ងៃអង្គារនេះថា រដ្ឋាភិបាល​របស់លោក​កំពុង​តែពិចារណាថា គួរតែ​បិទ​លក់ ឬផ្តល់​ហិរញ្ញវប្បទាន​ឡើងវិញ​ទាក់ទិននឹង​​អាកាសចរណ៍ជាតិ Malaysia Airlines៕

៤៖ ​សារព័ត៌មាន​ចិន Global Times បានរាយការណ៍ថា ឧទ្ធម្ភាគចក្រ​ទម្ងន់ ៤០តោន​ដំបូងបំផុតដែលអភិវឌ្ឍន៍​រួមគ្នាដោយរុស្ស៊ី និងចិន​នឹងត្រូវផលិតរួចរាល់​ទាំងស្រុង​នៅឆ្នាំ២០៣២៕

៥៖ ប្រធាន​អង្គការ NASA លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine) បានសាទរ​ចំពោះ​សំណើ​កញ្ចប់ថវិកា​ឆ្នាំ២០២០ សម្រាប់ទីភ្នាក់​ងារ​​អវកាស​​អាមេរិក​នេះ របស់រដ្ឋបាល​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដោយលោក​បានលើកឡើងថា វានឹង​ជួយ​ឲ្យ​ស្ថាប័ន​របស់​​លោក​​​​សម្រេចគោលដៅ​ឆ្ពោះទៅកាន់​ឋាន​ព្រះច័ន្ទ ហើយបន្តទៅ​ភពអង្គារ (Mars) ថែមទៀត៕

៦៖ ក្រសួងការពារជាតិចិនបានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា យន្តហោះចម្បាំងចិនមួយគ្រឿង​បានធ្លាក់នៅក្នុងខេត្ត​ហៃណាន (Hainan) ភាគខាងត្បូងប្រទេសនាថ្ងៃអង្គារនេះ បណ្តាលឲ្យអាកាសយានិក០២នាក់បាត់បង់ជីវិត៕