(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានចោទប្រកាន់រុស្ស៊ី និងគុយបាថាជាអ្នកចូលរួមបង្កវិបត្តិ នយោបាយនៅក្នុងប្រទេសវេណេស៊ុយអេឡា តាមរយៈការគំាទ្រលោក នីកូឡាស់ ម៉ាឌូរ៉ូ។ ព្រមពេលជាមួយគ្នា លោកក៏បាន ជម្រុញឱ្យឥណ្ឌាបញ្ឈប់ការទិញប្រេងពីប្រជាជាតិអាមេរិកឡាទីនមួយនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។

ការកត់សម្គាល់ខាងលើរបស់លោក ប៉ុមប៉េអូ ធ្វើឡើងក្រោយក្រសួងរតនាគារជាតិអាមេរិក ប្រកាសដាក់ទណ្ឌកម្មប្រឆាំងធនាគារ រុស្ស៊ី Evrofinance Mosnarbank ដោយចោទថាបានជួយក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA ឱ្យគេចចេញពីទណ្ឌកម្ម ហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ប៉ុមប៉េអូ លើកឡើងដូច្នេះថា៖ «ពិតប្រាកដណាស់ គុយបា និងរុស្ស៊ីបានចូលរួមបង្កវិបត្តិនយោបាយនៅក្នុងប្រទេសវេណេស៊ុយអេឡា និងបន្តបំផ្លាញ ប្រជាធិបតេយ្យដែលជាក្ដីស្រម៉ៃរបស់ប្រជាជនវេណេស៊ុយអេឡា តាមរយៈការគាំទ្រលោក ម៉ាឌូរ៉ូ»។

គួរបញ្ជាក់ថា រុស្ស៊ី និងគុយបា គឺជាប្រទេសដែលនៅតែប្រកាសគាំទ្រលោក នីកូឡាស់ ម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់តែមួយគត់ របស់វេណេស៊ុយអេឡា បើទោះជាទីក្រុងវ៉ាស៊ីនតោនព្រមានដាក់ទណ្ឌកម្មក៏ដោយ៕