(ហាណូយ)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសវៀតណាម នាថ្ងៃអង្គារនេះបានឲ្យដឹងថា ខ្លួននឹងមិនផ្តល់អាជ្ញាបណ្ណ​អនុ​ញ្ញាតឲ្យ​យន្តហោះ Boeing 737 MAX 8 ធ្វើប្រតិបត្តិការនៅក្នុងប្រទេសអាស៊ាននេះឡើយ បន្ទាប់ពីយន្តហោះម៉ូដែលនេះចំនួន​០២គ្រឿងមកហើយ​នៅឯប្រទេសដទៃ បានធ្លាក់ក្នុងរយៈពេលឃ្លាតពីគ្នាត្រឹម​តែ០៥ខែប៉ុណ្ណោះ និងគ្មាន​បន្សល់​ទុក​អ្នក​នៅ​រស់​រាន​ជីវិតសូម្បីតែម្នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។

ប្រធានអាកាសចរណ៍ស៊ីវិលវៀតណាម លោក Dinh Viet Thang បាននិយាយដូច្នេះថា «យើងនឹងមិនផ្តល់អាជ្ញាបណ្ណ​​សម្រាប់​ការប្រើប្រាស់យន្តហោះម៉ូដែលនេះឡើយ (Boeing 737 MAX 8) ​រហូតទាល់តែ​មូលហេតុផ្លូវការនៅក្រោយការធ្លាក់យន្តហោះ​ទាំង​ពីរគ្រឿងនៅឥណ្ឌូណេស៊ីនិងអេត្យូពី ត្រូវបានកំណត់រកឃើញច្បាស់ ហើយមានចំណាត់ការប៉ះប៉ូវដោះស្រាយពី​អាជ្ញាធរ​​អាកាសចរណ៍របស់សហរដ្ឋអាមេរិក FAA»

បើតាមលោក Thang បច្ចុប្បន្ន ពុំមានអាកាសចរណ៍វៀតណាម​ណាកំពុងប្រើប្រាស់យន្តហោះ MAX 8 ឡើយ ខណៈ​យន្ត​ហោះ​​ដែលប្រើទូទៅ មានដូចជា A350-900, A320, A312 របស់ក្រុមហ៊ុន Airbus រួមទាំង 787-9 Dreamliner និង 747 របស់ Boeing​ ជាដើម។ ប៉ុន្តែកាលពីខែកុម្ភៈកន្លងទៅ អាកាសចរណ៍វៀតណាម VietJet Air បានបញ្ជាទិញត្រកូត Boeing 737 MAX ដល់ទៅ​១០០គ្រឿង ក្នុងតម្លៃ​១២.៧ពាន់លានដុល្លារ ក្នុងនោះ៨០គ្រឿងជា 737 MAX 10 និង ២០គ្រឿងជា MAX 8។

គួរជម្រាបថា ទន្ទឹមគ្នានេះដែរ ប្រទេសមួយចំនួនដូចជា ចិន ម៉ុងហ្គោលី ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង សិង្ហបុរី អូស្រ្តាលី ព្រមទាំង​អាកាសចរណ៍នៅតាមប្រទេសខ្លះទៀត រួមមានអាកាសចរណ៍ Ethiopian Arlines របស់អេត្យូពី​ផ្ទាល់ បានចាប់ផ្តើម​ផ្អាក​​ការ​ហោះហើរ​នៃយន្តហោះ Boeing 737 MAX 8 ជាបណ្តើរៗ ខណៈប្រទេសមួយចំនួនវិញ រួមមានអាមេរិក កាណាដា និង​រុស្ស៊ី ជាដើម នៅតែបន្ត​ហោះហើរយន្តហោះម៉ូដែលនេះជាធម្មតា៕